(ភ្នំពេញ)៖ នៅថ្ងៃទី២២/០២/២៣ វេលាម៉ោង១៦និង០០នាទី កម្លាំងអធិការនគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួល ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីមនុស្សឃាតគិតទុកជាមុន ឃាត់បានជនល្មើសចំនួន០២នាក់ ។
កើតហេតុកាលពីថ្ងៃទី១៥-០២-២៣ វេលាម៉ោងប្រហែល១៥និង២៥នាទី នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយកើតហេតុកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់ការបង្ក្រាបជនសង្ស័យបាន០២នាក់ ក្នុងចំនោមបក្សពួក០៣នាក់
ទី១-ឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី២-ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣-ឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រជីជីហ្វេសិន (គេចខ្លួន)
ជនរងគ្រោះ ឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវបានជនល្មើសកាប់បណ្តាលឲ្យ របួសធ្ងន់ត្រង់កញ្ចឹងករ ខាងក្រោយដេរចំនួន៥៥ថ្នេរ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ បច្ចុប្បន្ន ជនរងគ្រោះនៅសម្រាកពេទ្យនៅឡើយ។
មូលហេតុ÷កើតឡើងដោយសារជនរងគ្រោះញ៉ែប៉ះចំលើស្រីស្នេហ៍របស់ឈ្មោះ ហីម ស៊ូល ទើបឈ្មោះស៊ូល ទូរស័ព្ទហៅជនសង្ស័យទាំងពីរនាក់ខាងលើ ឲ្យមកកាប់ជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌកំបូល។