ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ បោលបុកម៉ូតូ Zommer X បណ្តាលឱ្យស្រីប្រុស២នាក់ រងរបួសបាក់ជើង រួចគេចខ្លួនបាត់ បន្សល់ទុកកាត និងអាវប៉ូលិសពាក់សក្តិ៤កន្លះ( វិរៈសេនីយ៍ទោ) ក្នុងរថយន្ត កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើប៉ាស្ព័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ និងម៉ូតូម៉ាក Zommer x ស្លាកលេខ កំពត 1k-9525 បើកបញ្ច្រាសទិសគ្នា។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូស្រីប្រុស រងរបួសបាក់ជើងទាំងពីរនាក់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ តែបានបន្សល់ទុកអត្តសញ្ញាណប័ណ្ណនគរបាលមួយសន្លឹក ឈ្មោះ ពុធ ប៊ុនធឿន ឋានន្តរស័ក្តិវរសេនីយ៍ទោ និងមានតួនាទីជានាយរង ការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងអាវជាមន្ត្រីនគរបាលពាក់សក្តិ៤កន្លះ មួយទៀតផងដែរ ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញ ស្រាវជ្រាវឱ្យចូលខ្លួនមកដោះស្រាយ៕