ព្រៃវែង ៖ ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែ៖
១. នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង តំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែង បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរ និងការទទួលប្រាក់។
២. កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ក្រោយមកបានប្រគល់ជនទាំង០២នាក់ នោះឲ្យឱពុក-ម្តាយ ដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕