ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅឲ្យសមត្ថកិច្ចផាកពិន័យ នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោហើយ ក្រោយពេលលោកបើកបរម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ក្នុងឱកាសដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់ និងពិនិត្យស្ថានភាពទឹកជំនន់ តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦តុលា។
ប្រភពពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់មានការរិះគន់ពីមហាជន ពីការមិនពាក់មួក សុវត្ថិភាពនេះ លោក ឃួង ស្រេង នៅព្រឹកថ្ងៃ២៧ តុលា លោកបានចូលខ្លួនទៅបង់ការពិន័យចំពោះកំហុសឆ្គងដោយអចេតនានេះរួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ប្រភពមន្ត្រីដដែលបានបញ្ជាក់ថា តាមការពិតទៅ ពេលនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួក ស្រអាប់ពេកពិបាកមើលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីរកដំណោះស្រាយជួយប្រជាពលរដ្ឋ ទើបលោកអភិបាល បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព។
ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកអភិបាល ទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនា ទើបលោកចូលខ្លួនទៅឲ្យមន្ត្រីចរាចរណ៍ ធ្វើការផាកពិន័យទៅតាមច្បាប់ និងស្នើឲ្យពលរដ្ឋយោគយល់ ចំពោះកំហុសអចេតនានេះផង។
ក្រោយបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះ លោក ឃួង ស្រេង នឹងបន្តចុះទៅដឹកនាំអាជ្ញាធរ និងកងកម្លាំង ដើម្បីសង្គ្រោះពលរដ្ឋនៅខណ្ឌដង្កោទៀត៕