ព័ត៌មានជាតិ

រថយន្តអត់ពន្ធ ចំនួន ៥៤២គ្រឿង បានចូលមកបង់ពន្ធ ទទួលបានចំណូលពន្ធជាង៧លានដុល្លារអាមេរិក

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។

ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

លោករដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែទលា ឆ្នាំ២០២១ ដែលមានរយៈពេល៤០ថ្ងៃ គឺមានម្ចាស់រថយន្តចង្កួតឆ្វេងចំនួន ៣៥២គ្រឿង បានចូលមកបង់ពន្ធ បានចំណូលពន្ធ ៥.៨ដុល្លារអាមេរិក។ ចំណែករថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន១៩០គ្រឿង មានទឹកប្រាក់ចំនួន ១.៥លានដុល្លារអាមេរិក»។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

ជាមួយគ្នានេះ លោក គុណ ញឹម បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

adm

Leave a Reply

Your email address will not be published. Required fields are marked *