កំពត៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលសន្និសិតខេត្តកំពត បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងកំពត ថ្មីចំនួន ៣២១នាក់ ក្រោមអធិបតីភាពឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងមានការអញ្ជើចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធាន និង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រុង សង្កាត់ សរុបចំនួន ៣៨៧នាក់។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានគណបក្សក្រុងកំពត និងការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានមតិសំណេះសំណាលជាមួយអង្គពិធី ដោយបានកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្សក្រុង សង្កាត់ ភូមិ នឹងសាខាបក្សទាំងអស់ដែលបានខិតខំអនុវត្តន៍ការងាររបស់ខ្លួនក្នុងការពង្រឹង និងពង្រីកសមាជិករបស់គណបក្សជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្ដមប្រធាន ក៏បានរំលឹកនូវគុណបំណាច់ និងស្នាដៃដ៏ច្រើនឥតគណនាបានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ រំដោះប្រជាជនពីររបបប្រល័យពូជសាសន៍ ពល ពត ហើយបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ ជូនជាតិ ជូនប្រជាជនមកដល់សព្វថ្ងៃ ដែលមានរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមក៏បានក្រើនរំលឹកដល់សមាជិក សមាជិការគណបក្សក្រុងទាំងអស់ ត្រូវប្រុងប្រយ័ត្ន បង្ការ និងផ្សព្វផ្សាយពីវិធានសុវត្តិភាពផ្សេងៗ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ទៅទទួលការចាក់វ៉ាក់សាងការពារជំងឺ កូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅបើកដំណើរការប្រទេសកម្ពុជាទាំងមូលជាធម្មតា និងត្រូវរៀនរស់តាមគន្លងថ្មី។
ជាចុងក្រោយឯកឧត្ដមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការគណបក្សក្រុងកំពត ត្រូវយកចិត្តទុកដាក់ថែបំប៉នសមាជិកថ្មីទាំង ៣២១នាក់ អោយបានល្អប្រសើរ ហើយត្រូវខិតខំប្រឹងប្រែងក្នុងការយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០២៣នាពេលខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។
ក្នុឱកាសនោះដែរឯកឧត្តមប្រធានគណបក្សខេត្ត បានឧបត្ថម្ភជូនសមាជិកគណបក្សក្រុងកំពតដែលបញ្ចូលថ្មីទាំង ៣២១នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងជូនថវិកាទៅគណបក្សស្រុកចំនួន ១លានរៀលសម្រាប់បំរើសល់ការងាររបស់គណបក្ស សរុបថវិកាចំនួន ៧លាន ៤២ម៉ឺនរៀល៕