(កំពង់ស្ពឺ) ៖ ប្រជាពលរដ្ឋសំណោមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជួយចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសង (កត់លក់ឆ្នោតវៀតណាម) ខុសច្បាប់ដ៏ធំមួយកន្លែង របស់ឈ្មោះ (ចែ ពៅ) ដែលកំពុងបើកលេងដោយរលូនមិនខ្វល់ពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋបានរាយការណ៍មកថា៖ «ទីតាំងកត់ឆ្នោតវៀតណាមរបស់ឈ្មោះ ចែ ពៅ ដែលជ្រកក្រោមស្លាក យីហោ ទ្រូម៉ានីវេលុយនេះ គឺស្ថិតនៅក្នុងភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ»។
មហាជនបានលើកជាសំនួរថា «ហេតុអ្វីបានជាឈ្មោះ (ចែ ពៅ) រូបនេះ អាចបើកដំណើរការលេងល្បែងស៊ីសងកត់ឆ្នោតវៀតណាមខុសច្បាប់នេះបានដោយគ្មានការបង្ក្រាប ឬបុគ្គលរូបនេះ មាននាក់ទំនងល្អជាសមត្ថកិច្ច និងអាជ្ញាធរស្រុកថ្ពងទេដឹង ទើបគ្មានការចុះបង្ក្រាបដូច្នេះ?»
សេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះ គេបានឃើញអាជីវកម្មឆ្នោតជាច្រើនប្រភេទ ជាពិសេស ឆ្នោតវៀតណាមខុសច្បាប់របស់ឈ្មោះ (ចែ ពៅ) នេះបាននិងកំពុងបើកលេងដោយចំហរ គ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើសុំឲ្យមានការបង្ក្រាបផង។
ពលរដ្ឋបានបង្ហើបប្រាប់ថា៖ «ការបើកដោយចំហរនូវល្បែងកន្ទុយលេខ(ឆ្នោតវៀតណាមខុសច្បាប់)ដ៏ធំមួយនេះ គឺគ្មានការភ័យខ្លាចនោះទេ»។
សូមបញ្ជាក់ថា៖ កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឲ្យសមត្ថកិច្ច រាជធានី/ខេត្ត ធ្វើយ៉ាងណាត្រូវបង្ក្រាបឲ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងកត់លក់ឆ្នោតវៀតណាមខុសច្បាប់នេះតែម្តង នៅមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដើម្បីជាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ប្រភពពីអ្នកនិយមលេងល្បែងស៊ីសងខុសច្បាប់ចាក់ឆ្នោតវៀតណាមនៅតំបន់នោះ បានបង្ហើបប្រាប់ឲ្យដឹងទៀតថា៖ ឈ្មោះ (ចែ ពៅ) នេះតែងតែប្រើល្បិចធ្វើស៊ីលុយគេឯងដោយតាំងខ្លួនជាមេឆ្នោតដើរប្រមូលលុយពីអ្នកកត់ឆ្នោត ដោយប្រើល្បិចដូចជា៖ ពេលគេចាក់ត្រូវគាត់យកលុយពីមេធំទៅសងអ្នកចាក់ឆ្នោតនោះ តែដល់ពេលអ្នកចាក់ខុស គឺបុគ្គលឈ្មោះ (ចែ ពៅ)នេះ ប្រមូលលុយទុកខ្លួនឯងដោយមិនបង្វិលលុយនោះមកឲ្យមេៗនៅខាងលើនោះទេ។ មិនតែប៉ុណ្ណោះ ឈ្មោះ ចែ ពៅ បានដើរធ្វើសកម្មភាពទាំងនេះ តាមអំពើចិត្តដោយមិនញញើតពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចនៅស្រុកថ្ពង សូមបីតែបន្តិច។
ពាក់ព័ន្ធនិងករណីខាងលើនេះ ជាមួយអង្គភាព ask-post នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោកមេប៉ុស្តិ៍អមលាំង បានឲ្យដឹងថា «កន្លងមក ទីតាំងនោះមានមែន តែក្រោយពីសមត្ថកិច្ចបានចុះបង្ក្រាប រួចម្ចាស់ទីតាំងបានទម្លាក់ស្លាកយីហោអស់ហើយ ហើយមិនមានបើកលេងអីទៀតទេ ផ្ទះនោះបិតទ្វារចោល ហើយម្ចាស់ទៅនៅចម្ការអស់ហើយ»។ លោកមេប៉ុស្តិ៍ បន្តទៀតថា «ឈ្មោះ ចែ ពៅ ហ្នឹងដូចជាមិនមានទេ មានតែឈ្មោះ (ចែ ញ៉ាញ់) ប៉ុន្តែគាត់មិនមានសកម្មភាពអីនោះទេ ដោយសារគាត់ជាប្រពន្ធសមត្ថកិច្ចដែរហើយទ្រូម៉ានីនោះ គឺមានតែមួយកន្លែងនឹងទេ»។
ដោយឡែក លោកអធិការស្រុកថ្ពងវិញ បានប្រាប់អង្គភាពយើងនៅរសៀលថ្ងៃដដែលនេះថា «មានតែឆ្នោតជាតិ ចំណែកឆ្នោតវៀតណាម គឺមិនមានទេ»។ លោកបន្តទៀតថា «លោកទទួលស្គាល់ថា ទឹកដីរបស់លោកពិតជាមានល្បែងស៊ីសងពិតមែន ប៉ុន្តែលោកក៏បានចុះបង្ក្រាបបានជាច្រើនករណីផងដែរ ហើយលោកនិងដាក់កម្លាំងស្រាវជ្រាវនៅបទល្មើសល្បែងស៊ីសងកត់ឆ្នោតវៀតណានោះបន្តទៀត»៕ដោយ៖ ទូច រ៉ាវុធ