ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់លឿង

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន ២០ទីតាំង។

ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវមកទទួលយកវ៉ាក់សាំង ដោយត្រូវរក្សា ឱ្យបានជាដាច់ខាត នូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់។

គួរបញ្ជាក់ថា អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ ខែឧសភា បានចំនួន ៧៧២៣២៣នាក់ សម្រាប់ដូសទី១ និងបានចំនួន ៣៨៥០៤៦នាក់ សម្រាប់ដូសទី២ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *