ព័ត៌មានជាតិ

សម្តេចតេជោ៖ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធ អត់កូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ខណៈកំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ក្រោយពេលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនោះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីមូលហេតុ នៃសំឡេងដូចហត់របស់សម្តេច ដែលនិយាយទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រី ឱ វណ្ណឌីន កាលពីម្សិលមិញ។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់សម្តេច បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកស្រី ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។

លោកបញ្ជាក់ថា៖ «មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ ធម្មតាមិនមានអ្វីរាំងស្ទះឡើយ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម»។ នេះបើតាមសារសម្លេងរបស់សម្តេចតេជោ នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ សម្តេចតេជោបញ្ជាក់ថា ពេលថ្លែងសារបទបញ្ជានេះ គឺពេលសម្តេចកំពុងធាក់កង់ហាត់ប្រាណ ដូច្នេះសម្លេងរៀងហត់បន្តិច។

តាមរយៈសារសំឡេង ដែលផ្ញើទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងផ្ញើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ពេលសម្តេចកំពុងហាត់ប្រាណ គឺសម្តេចបានចេញបញ្ជាឲ្យ ក្រសួងការពារជាតិ ទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ច ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះ ហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឲ្យបានលឿនបំផុត។

សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់ពីប្រទេសឥណ្ឌូនេស៊ីវិញ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *