ព័ត៌មានជាតិ

Breaking News: តុលាការសម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។

ដោយករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ត្រូវបាន កញ្ញា មាន ពេជ្ររីតា រៀបរាប់ថា បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។

ជុំវិញការដាក់ពាក្យបណ្តឹងទៅកាន់ឧកញ៉ាវិញនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖

*ទី១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់

*ទី២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ

*ទី៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *