ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ដោយអនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ តែត្រូវអនុវត្តវិធានការសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

21-03-2021 03:36pm

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើតាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

ក្នុងបរិការណ៍នៃ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលប្រទេសជាតិបាន និងកំពុងបន្តជួបប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការមួយចំនួន ពាក់ព័ន្ធនឹងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ដូចខាងក្រោម៖

*ទី១៖ អនុញ្ញាតិឲ្យមន្ដ្រី បុគ្គលិក នៃស្ថាប័នរដ្ឋទាំងអស់ឈប់សម្រាករយៈពេល៣ថ្ងៃ តាមកាលបរិច្ឆេទដូចបញ្ជាក់ខាងលើ ស្របតាមអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។

*ទី២៖ ចំពោះបុគ្គលិក កម្មករ និយោជិត នៃវិស័យឯកជន ការឈប់សម្រាករយៈពេល៣ថ្ងៃនេះ អាចត្រូវធ្វើឡើងតាមជម្រើស២យ៉ាង អាស្រ័យទៅតាមការស្រុះស្រួលគ្នារវាងនិយោជក និងបុគ្គលិក កម្មករ និយោជិត នៃរោងចក្រ សហគ្រាសនីមួយៗ គឺ៖

*ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ ស្របតាមអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១

*និយោជកត្រូវពិភាក្សាជាមួយកម្មករ និយោជិតបន្តធ្វើការជាធម្មតា ហើយលើកការឈប់សម្រាករយៈពេល៣ថ្ងៃនេះ ទៅអនុវត្តរួមជាមួយការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយនាពេលខាងមុខវិញ តាមការព្រមព្រៀងគ្នាស្របទៅតាមច្បាប់ស្តីពីការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវចេញសេចក្តីណែនាំបន្ថែមលើការអនុវត្តនេះស្របទៅតាមច្បាប់ស្តីពីការងារ។

*ទី៣៖ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធនដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានាសំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្លួននៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។

*ទី៤៖ នៅក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖

*ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូល តំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

*ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន និង

*អនុវត្តវិធានការ «៣ការពារ» និង «៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។

បន្ថែមពីនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់ ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចង់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរលើយានយន្ដរបស់ខ្លួន៕ប្រភព% Fresh News

adm

Leave a Reply

Your email address will not be published. Required fields are marked *