ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ខណៈជិះម៉ូតូធុនធំក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្បែរមន្ទីពេទ្យរុស្សុីប្រហែល៣ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទាំងពីរនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានប្រាប់ថា ដំបូងគេឃេីញម៉ូតូធុនធំ កម្លាំង1200CC ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ដែលជិះឌុបគ្នា២នាក់ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់មួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនបង្កប៉ះពាល់ដល់អ្នកដ៏ទៃនោះទេ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖ ទូច រ៉ាវុធ