កណ្ដាល ៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកហូរឈាម ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលស្រុកអង្គស្នូល ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។
តាមរាយការណ៍បានឲ្យដឹងថា មន្ដ្រីយោធាផ្កាយមួយនោះ បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់។
គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា នៅអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ឲ្យដឹងថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។
តាមដំណើររឿង នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង។ នៅពេលយាមម៉ោងប្រហែល៥ទាបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរ ជនរងគ្រោះថា ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣០០០រៀល ជនរងគ្រោះ ក៏ឲ្យលុយខ្ចីចំនួន ៣០០០រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យក ស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។
បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែឆ្នាំដដែល វេលាម៉ោង ១០ព្រឹកជនសង្ស័យបានណាត់ ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។
រហូតដល់ម៉ោង ១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិចវិញ ក៏ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមក វាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ។
ជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនឹងដេរចំនួនបីថ្នេរ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក អាវុធខ្លីមួយដើមម៉ាក CF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។
យ៉ាងណាមិញ ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម៕