កណ្តាល ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ បានហើយ។ ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា ករណីចាក់សម្លាប់មនុស្សស្រីអាយុ១៨ឆ្នាំនេះ កើតឡើងក្នុងបន្ទប់ជួយមួយកន្លែង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ថា ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេង ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ ដោយសមត្ថកិច្ចលោកកំពុងធ្វើការសាកសួរ។ នៅពេលនេះ ជនសសង្ស័យមិនទាន់សារភាពនៅឡើយទេ។ ជនសង្ស័យមានឈ្មោះ ទូច សជាតិ (ហៅ អាដំរី) អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ខណៈជនសង្ស័យប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និង ធ្វើកោសល្យវិច័យ៕