ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅបណ្ដោយ ផ្លូវ ៩៥ សង្កាត់ បឹងកេងកង ៣ ខណ្ឌ បឹងកេងកង មានដែកធ្លាក់ពីលើអគារមួយកំពុងសាងសង់ ចំរថយន្តម៉ែកសេដេសស៊េរីទំនើបមួយគ្រឿង បណ្ដាលការខូចខាតដំបូលខាងមុខ តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបររងរបួស។
យោងតាមព័ត៌មាននៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា៖ ដែកសរសៃបានធ្លាក់ពីលើអគារកម្ពស់រាប់សិបជាន់មួយ ចំត្រូវរថយន្តមួយគ្រឿងបណ្តាលឲ្យរង ការខូចខាត តែមិនចំត្រូវមនុស្សនោះទេ។
បើតាមម្ចាស់រថយន្តបានឲ្យដឹងថា ៖សំណាងហើយមិនត្រូវចំគាត់ បើត្រូវវិញមិនដឹងមានគ្រោះថ្នាក់យ៉ាងណានោះទេ ដូច្នេះលោកសំណូមពរដល់ម្ចាស់ការដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្ន និងអំពាវនាវឲ្យអាជ្ញាធរ ជួយពិនិត្យមើលឡើងវិញផងចំពោះដំណើរការសាងសង់ ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។
ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុនៅថ្ងៃក្រោយទៀតនោះ ប្រជាពលរដ្ឋនៅតំបន់នោះបានស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ដោយពិន័យឱ្យបានធ្ងន់ធ្ងរ ណែនាំឱ្យការដ្ឋាន ឱ្យចេះបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បន្ថែមទៀត ជៀសវាងការធ្វេសប្រហែល បង្កឱ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ និងបង្កជាគ្រោះថ្នាក់ជាយថាហេតុ៕