ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចំនួន១២នាក់ ដោយប្រមូលលុយបានជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុម និងមិនទូទាត់លុយឲ្យម្ចាស់ប្រេនហើយបានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារបែជាយកលុយទៅទិញផ្ទះ និងសម្ភារៈនិយមលម្អខ្លួនទៅវិ។ ហើយ
ពេលនេះលោកស្រី ទ្រី ដាណា បានបញ្ឈប់ ហើយចេញមុខប្តឹងរកយុត្តិធម៌ជូនបងប្អូនដែលរងគ្រោះទាំងអស់។
ករណីឃាត់ខ្លួនស្ត្រីខាងលើនេះនៅម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការចាប់ខ្លួននេះធ្វើឡើង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួន។ ដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង បើនៅតែរឹងរូសមិនចូលខ្លួន។
រហូតដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ណើ ចាន់ត្រា ដើម្បីបញ្ជូនទៅកាន់តុលាការ។
សូមជម្រាបថា ជនសង្ស័យឈ្មោះណើ ចាន់ត្រា បានទទួលប្រាក់កូនក្រុមជាតំណាងចែកចាយចំនួន១២នាក់ នូវថវិការប្រមាណជិត១លានដុល្លារ ប៉ុន្ដែមិនបានប្រគល់ប្រាក់ឲ្យម្ចាស់ប្រេនដើម និងមិនប្រគល់ផលិផលឲ្យកូនក្រុមតំណាងចែកចាយទាល់តែសោះ រហូតកូនក្រុមបានដាក់ពាក្យបណ្ដឹងចាត់ការតាមច្បាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនដើម្បីសាកសួរនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ដោយ ទូចរ៉ាវុធ