ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ។
បទបញ្ជានេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អាកជាបណ្តោះអាសន្ន នូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារ ពីចម្ងាយតាមរយៈអនឡាញ»។
ចំណែកថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស លើកលែងតែអ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពឲ្យហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះទីស្តីការក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារជាធម្មតា លើកលែងតែអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់ការអនុវត្តវិធានការនានាក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពទាំងនោះ រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក និងប្រធានអង្គភាព ត្រូវពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយត្រូវចាត់តាំងឲ្យមានការវាស់កម្តៅ និងលាងដៃជាមួយទឹកអាល់កុល ឬអាល់កុលជែល មុនពេលចូលធ្វើការ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការរក្សាគម្លាត សុវត្ថិភាពបុគ្គល និងកាត់បន្ថយការជួបជុំជាដើម។
អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានលេចចេញនូវសញ្ញាណនៃការឆ្លងចូលក្នុងសហគមន៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ (ហៅថា “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”) ក្រសួងមហាផ្ទៃពិនិត្យឃើញថា មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលក្នុងព្រឹត្តិការណ៍នេះ បានស្ម័គ្រចិត្តទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ និងបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដើម្បីបន្តពង្រឹងការអនុវត្ត វិធានការនានា សំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងមហាផ្ទៃចេញបទបញ្ជាដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរូតរះទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ នៅតាមទីតាំងនានាដែលកំណត់ដោយក្រសួង សុខាភិបាល ព្រមទាំងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយមិនត្រូវដើរចេញក្រៅផ្ទះ ឬកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើ ចត្តាឡីស័កនេះ សំដៅទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំពោះអ្នកដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី១ រួចហើយ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបន្តទៅធ្វើរោគវិនិច្ឆ័យ រកវីរុសនេះជាបន្តបន្ទាប់ តាមកាលបរិច្ឆេទដែលកំណត់ដោយក្រសួងសុខាភិបាល។ ផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់ មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារពីចម្ងាយតាមរយៈអនឡាញ (Online)៕