ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតចូលក្រោមរថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាម រួចព្យាយាមបើករត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានភ្លាមៗទាំងតៃកុងនិងរថយន្ត។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ០០ នាទីយប់ថ្ងៃសៅរ៍ទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងដែលពាក់ផ្លាកលេខ 3C 6621 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿង ដែលពាក់ផ្លាកលេខ 1CT 7312 ធ្វើដំណើរពីក្រោយរថយន្តកុងតឺន័រ ក្នុងទិសដៅពីលិចមកកើតដូចគ្នា ស្រាប់តែមកទាក់ដៃចង្កូតរួចខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ។
សពជនរងគ្រោះមានឈ្មោះ ម៉ន ភារ៉ា មានស្រុកកំណីតនៅឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញទំនាក់ទំនង ទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕