បាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង៨និង០៥នាទី នៅចំណុចបរិវេណស្ថានីយ៍រថភ្លើង ស្ថិតក្នុងក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង។
ភ្លាមៗក្រោមការបទបញ្ជា និងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យ ចំនួន៨គ្រឿង ចេញធ្វើសកម្មភាពជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋាន ចំនួន៣គ្រឿង, រថយន្តចេញពីស្រុកសង្កែ, ស្រុកឯកភ្នំ, ស្រុកបាណន់, ស្រុកថ្មគោល និងស្រុករតនមណ្ឌល ចំនួន០៥គ្រឿងថែមទៀត និងដោយបានការសហការណ៍ពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផង ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។
លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថានភាពទីកន្លែងកើតហេតុមានផ្លូវតូចចង្អៀត ហើយលំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧបសគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្រ្គោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយ និងតទុយោយ៉ាងវែងទើបចូលទៅដល់ទីកន្លែងកើតហេតុ។
លោកបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំផ្ទាល់ពីលោកស្នងការ កិច្ចប្រតិបត្តិការរបស់នគរបាលរយៈពេលប្រមាណជាងមួយម៉ោង ទើបស្ថានភាពអគ្គិភ័យបានថមថត និងរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន១០រថយន្ត។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យនេះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៣ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ ហើយក្នុងនោះមានលំនៅដ្ឋានចំនួន៨ខ្នង និងទ្រព្យសម្បត្តិផង ត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សណាម្នាក់ ទទួលរងរបួស ឬគ្រោះថ្នាក់ដោយអគ្គិភ័យនេះទេ។ លោក ឆាង វណ្ណឆៃ និងក្រុមការងារអគ្គិភ័យមិនទាន់ សន្និដ្ឋានបានអំពីមូលហេតុ នៃការកើតឡើងនូវគ្រោះអគ្គិភ័យដ៏អាក្រក់នេះនៅឡើតទេ ក្នុងពេលនេះ ដោយរង់ចាំការស្រាវជ្រាវស៊ើបអង្កេតសិន ទើបសន្និដ្ឋានបាន។
ជាមួយហេតុការណ៍ដ៏គួរឱ្យសោកស្តាយបំផុតនេះ លោកឧត្តមសេនីយ៍ទោស្នងការ ដែលបានចុះទៅដឹកនាំបញ្ជាផ្ទាល់នៅទីកន្លែងកើតហេតុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ អ្នកប្រកមអាជីវកម្មនានា នៅក្នុងខេត្តបាត់ដំបង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងជាប់ជាប្រចាំ ចំពោះគ្រោះអគ្គិភ័យនេះត្បិតរដូវនេះជារដូវប្រាំង ដែលមានស្ថានភាពក្តៅហួតហែងជាហេតុងាយបង្កឱ្យកើតគ្រោះអគ្គិភ័យណាស់ ពិសេសសូមប្រុងប្រយ័ត្នទាំងភ្លើងទៀនធូប ភ្លើងជើងក្រាន និងចរន្តអគ្គិសនី។
ម៉្យាងទៀត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ក្នុងការសាងសង់លំនៅដ្ឋាន ព្រោះថា ការសាងសង់លំនៅដ្ឋានដែលមិនមានទុកច្រកធំទូលាយ នៅពេលដែលមានករណីអគ្គិភ័យ ឬករណីជាយថាហេតុណាមួយកើតឡើង នោះគឺរថយន្តសង្រ្គោះមិនអាចចូលទៅបានដែលជាឧបសគ្គធំបំផុត ដូចករណីអគ្គិភ័យនៅព្រឹកនេះជាគំរូស្រាប់៕