ព័ត៌មានជាតិ

ធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ ធ្វេីឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរ ពិបាកដកដង្ហើម


ភ្នំពេញ ៖ 
មានរោងចក្រផលិតទឹកកកអនាម័យធុនតូចមួយកន្លែង បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់ធ្វេីឲ្យទឹករឹងកក) សាយភាយចេញមកខាងក្រៅ ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ពិបាកដកដង្ហើម និងធ្វេីឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ និងចុះពិនិត្យមើលផង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅរោងចក្រធុនតូចផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” ក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីត ហេតុបានដឹងថា ដំបូងគេឃើញមានធ្លាយខ្យល់ឧស្ម័នពណ៌ស លាន់ឮជាសម្លេងខ្លាំងៗ សាយភាយចេញមកខាងក្រៅ ដែលជាឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កឲ្យទឹករឹងកក) ដែលធ្វើបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង ជាពិសេសអ្នករស់នៅក្រោមខ្យល់ ទាំងក្មេងទាំងចាស់ពិបាកដកដង្ហេីម ទោះបីជាយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះក៏ដោយ។ ភ្លាមនោះ ពលរដ្ឋបានរាយការណ៍ និងស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍បន្ទាន់ ពីព្រោះពួកគាត់ពិបាកដកដង្ហើមណាស់ ថប់ៗដង្ហើម និងផ្សារភ្នែកជាខ្លាំងផងដែរ។

បេីតាមប្រភពពីកម្មករនៅទីនោះ បានប្រាប់ថា ពិតជាមានការធ្លាយធុងឧស្ម័នអាម៉ូញាក់នោះ ពិតប្រាកដមែន ដែលជាវត្ថុធាតុដើម សម្រាប់បង្កឲ្យទឹករឹងកក ប៉ុន្តែបន្តិចបន្តួចតែប៉ុណ្ណោះ ក្រោយពេលធ្លាយពួកគាត់ក៏រាយការណ៍ប្រាប់ម្ចាស់រោងចក្រ ទូរស័ព្ទហៅជាងមកជួសជុលហើយ ដោយមានជាងមកដល់បានបំពាក់ឧបករណ៍ម៉ាសអុកស៊ីហ្សែន ដើម្បីចូលទៅពិនិត្យរកមើលមូលហេតុបន្ទាប់មកត្រូវបានបិទជិតវិញហើយ នៅសល់តែចំហាយបន្តិចបន្ទួចប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា ឧស្ម័នអាម៉ូញ៉ាក់នេះ វាអាចប៉ះពាល់សុខភាពដូចជា ផ្សារភ្នែក ថប់ដង្ហើម ខ្សោយឆ្អឹងខ្នង និងសួត ថែមទៀតផង៕  

adm

Leave a Reply

Your email address will not be published. Required fields are marked *