កណ្ដាល៖ រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះដោយផ្ទាល់ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ មេខ្លោងគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាត ខេត្តកណ្ដាល។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ឲ្យដឹងថា៖ជនសង្ស័យមុនដំបូងបានបាញ់សំដៅមួយគ្រាប់ មកលើសមត្ថកិច្ច បន្ទាប់មករយៈពេលប្រមាណជាង១ម៉ោង ក្រោយមកជនសង្ស័យបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន២គ្រាប់ទៀត។ ជនសង្ស័យបានបាញ់ចំនួន៣គ្រាប់ ដើម្បីគំរាមសមត្ថកិច្ច នឹងព្យាយាមគេចខ្លួន ចាកចេញពីកន្លែងកើតហេតុ ដែលគេកំពុងលាក់ខ្លួននៅទីនោះ។
នៅក្នុងប្រតិបត្តិការនេះផងដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងដោយផ្ទាល់ និងឲ្យកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ ទៅតាមវិធានការបច្ចេកទេសជំនាញ ដើម្បីឃាត់ខ្លួនសង្ស័យយកមកផ្ដន្ទាទោស និងគ្រប់គ្រងស្ថានការណ៍ ឱ្យបានដើម្បីបញ្ចៀសគ្រោះថ្នាក់ពីការបាញ់ប្រហារដោយជនសង្ស័យ៕