បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង ចេញផ្សាយព័ត៌មាន ពីករណីឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យឆេះផ្នែកមួយចំនួន នៃអគារផ្សារណាត់ ផ្នែកអគារខាងលិច ហើយឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ដែលចុះអន្តរាគមន៍ពន្លត់អគ្គីភ័យផ្សាធំបាត់ដំបង និងបានធ្វើការគ្រប់គ្រងសភាពការណ៍ពន្លត់បានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៨ យប់ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលកំពុងឆាបឆេះនៅផ្នែកមួយនៃអគារខាងលិច ផ្សារធំបាត់ដំបង(ហៅផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន ៣រូប កម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងបាត់ដំបង និងលោកអភិបាល អភិបាលរងក្រុងផងដែរ។ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានជួយអន្តរាគមន៍ បានទាន់ពេលវេលា ដែលធ្វើឱ្យការខូចខាតមានតិចតូច និងនៅតែបន្តជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ នៅផ្សារណាត់ ក្រុងបាត់ដំបង ។
សូមជម្រាបជូនផងដែរថា ករណីឆាបឆេះផ្សារធំបាត់ដំបង (ហៅផ្សារណាត់) ដែលស្ថិតចំកណ្តាលក្រុងបាត់ដំបង នៅវេលាម៉ោងប្រមាណ ៥ និង ១០ នាទីល្ងាច និងធ្វើការគ្រប់គ្រងសភាពការណ៍ ពន្លត់បានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៨ យប់ នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ប្រមាណជាង ៣០ ដឹក ។ ហើយបណ្តាឱ្យខូចខាតឆេះផ្នែកមួយចំនួននៃអគារផ្សារ(អគារខាងលិច) ដោយសារឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង។
គូសបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៣០ នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកងកម្លាំងទាំងបីរួមមាន កងកម្លាំងប្រតិបតិការសឹងរងខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវយាមប្រចាំ ២៤ម៉ោង លើ ២៤ ម៉ោង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់អាជីវករ ដែលមិនបានរើសចេញពីក្នុងផ្សារ និងការពារមិនឱ្យមានការលួចគាស់សម្ភារៈ ទិញផ្សេងៗនៅក្នុងតូបនានារបស់អាជីវករ ដើម្បីជៀសវៀងបាត់បង់ដោយប្រការណាមួយ ដោយជនឆ្លៀតឱកាសផងដែរ។
ក្រោយពីមានឧបហេតុករណីអគ្គិភ័យឆេះផ្សារធំបាត់ដំបងនេះរួចមក រដ្ឋបាលខេត្តបាត់ដំបងនឹងគ្រោងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី៣១ខែសីហានេះ ដើម្បីសិក្សាអំពីអ្វីដែលយើងត្រូវបន្តនិរន្តរភាព ដើម្បីកុំឱ្យមានហេតុការណ៍នេះកើតឡើងបន្តទៅទៀត និងមានការចុះពិនិត្យសិក្សាវាយតម្លៃទំហំ នៃការខូចខាតបណ្តាលមកពឆេះដោយចរន្តអគ្គីសនី ហើយនឹងពិនិត្យលទ្ធភាពដើម្បីធ្វើការជួសជុលនៅផ្នែកដែរឆេះខូច ដែលបណ្តាលមកពីកម្តៅភ្លើងលើតួផ្សារមួយចំនួន និងសិក្សាវាយតម្លៃអំពីគុណភាពសំណង់ ថាតើអាចប្រើប្រាស់បាន ឬត្រូវជួសជុលឡើងវិញផងដែរ ៕