ព័ត៌មានជាតិ

សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ណែនាំ​ឲ្យ​គ្រប់​វត្ត​អារាម​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​


​ភ្នំពេញ​៖ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែតសម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជសារ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។​

​បើតាម​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យោងសេចក្តី​ណែនាំ​លេខ ១៤/២០ ក​.​ស​.​ជ ស​ណន ចុះ​ថ្ងៃ​អង្គារ ៧​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួង​ធម្មការ និង​សាសនា គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រគេន​ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត និង​ជូន ចំពោះ​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ព្រះមេត្តា មេត្តា​ជ្រាបថា​៖ ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ សូម​ព្រះសង្ឃ​គ្រប់​វត្ត​អារាម និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់រូប ព្រះមេត្តា មេត្តា ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ -១៩ និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹង ប្រែង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ គណៈសង្ឃ​នាយក សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​ដូចខាងក្រោម​៖

១. ត្រូវ​រៀបចំ​វត្ត​អារាម ឱ្យមាន​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ចង​ទង់ បដា ជ្វាលា ពាក្យស្លោក រៀបចំ​ឱ្យមាន​ធុងសំរាម​សាធារណៈ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ដើម្បី​រៀបចំ​ឱ្យមាន​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដែល​មក​បំពេញ​បុណ្យ​កុសល​នៅ​គ្រប់​វត្ត​អារាម​។​

២. ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត​
​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ សូម​ព្រះ​មេគណ ព្រះគ្រូ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​សូធ្យ​ព្រះធម៌​មាន រតន​សុ​ត្តា​រ​ម្ភៈ​និង រតន​សូត្រ ជាដើម ឱ្យបាន​កងរំពង​គ្រប់​វត្ត​អារាម ស្របតាម​កិច្ច​ដែល​ព្រះមហា​អានន្ទ​ត្ថេ​រ​ដ៏​មាន​អាយុ បាន​តាំងចិត្ត​ប្រកបដោយ​មេត្តា​ចំពោះ​សព្វ​សត្វ​ទាំងអស់ រួចហើយ​ស្វាធ្យាយ នៅ​ក្រុង​វេសាលី កាលដែល​ព្រះអង្គ គង់​ធរមាន​នៅឡើយ ដែលមាន​ក្នុង​សុត្តន្តបិដក​ខុ​ទ្ទក​និកាយ​លេខ ៥២ ដើម្បី​កម្ចាត់​បង់​នូវ​ភយន្តរាយ​ទាំងឡាយ ដែល​កើត​អំពី​រោគ អមនុស្ស និង​ទុរភិក្ស​ជាដើម ឱ្យ​អន្តរធាន​បាត់​ដោយ​ឆាប់រហ័ស​ក្នុងពេល​នោះឯង​។ តែ​មិន ត្រូវ​ប្រមូល​មនុស្សម្នា​ឱ្យ​ជួបជុំគ្នា​ច្រើនពេក​ទេ ជាពិសេស​ហាមឃាត់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​បាន ឆ្លង​វីរុស​វីដ -១៩ នេះ ។

៣.​រៀបចំ​ឱ្យមាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍ វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។ ត្រូវ​ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឱ្យបាន​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ និង​អនុវត្តតាម​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។


៤. ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត និង​បន្ត​ការស្វែងយល់​អំពី​មេរោគ​កូ​វីដ​-១៩​នេះ តាមរយៈ​ការមើល ស្តាប់ និង​សិក្សា​នូវ​សម្ភារៈ​អប់រំ ដែល​ផលិត​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ​-​អន្តរជាតិ និង​អនុវត្តតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ។ ត្រូវ​បន្ត​ការផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឱ្យបាន​ទូលំទូលាយ ជាប់​ជាប្រចាំ​នៅក្នុង​ទីវ​ត្ត​អារាម និង ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

៥. ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ជាប្រចាំ ត្រូវ​ជូត​សម្អាត​ដៃ​នឹង​ទឹក​អាល់កុល ឬ​សាប៊ូ​សម្លាប់​មេរោគ ត្រូវ​ជៀសវាង​ការ​ខាក ពាសវាល​ពាសកាល ត្រូវប្រកាន់យក​នូវ​អនាម័យ​ស្អាត​ជានិច្ច និង​សុវត្ថិភាព ចំណីអាហារ​គ្រប់ពេល​។

៦. ប្រសិនបើ​ជួប​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ដូចជា​៖ គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​ជួយ​បញ្ជូនទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​

​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា​ព្រះសង្ឃ​គ្រប់​អង្គ និង​ពុទ្ធបរិស័ទ​គ្រប់ មជ្ឈដ្ឋាន​អនុវត្តតាម​ដោយ​សេចក្តី​ជ្រះថ្លា និង​យកចិត្តទុកដាក់​ខ្ពស់​។​
​អ​រោ​ត្យា បរិ​មា លា​ភា ការមិន​មាន​រោគ​ជា​លាភ ដ៏​ប្រសើរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *