ព័ត៌មានជាតិ

យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន៧ទីតាំង រកឃើញ៦ទីតាំងខុសច្បាប់ ត្រូវសមត្ថកិច្ចធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន

ភ្នំពេញ ៖ យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន៧ទីតាំង រកឃើញ៦ទីតាំងខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងបានណែនាំឱ្យស្នើសុំច្បាប់អនុញ្ញាត តាមសេចក្ដីណែនាំរបស់មន្ទីរសាធារការ និងជញ្ជូន និង១ទីតាំងទៀត មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលទើបតែប្ដូរមកពីខណ្ឌទួលគោក។

ប្រតិបត្តិការចុះត្រួតពិនិត្យអាជីវកម្មនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន លោក យស យុទ្ធី អភិបាលរង តំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។

លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា យានដ្ឋានទាំងអស់នៅមូលដ្ឋានខណ្ឌដូនពេញ សរុបមានចំនួន៤២ទីតាំងតែដោយឡែក យានដ្ឋានខ្លះទីតាំងមានតែផ្ទះ១ល្វែង ដូច្នេះពុំមានចំណតសម្រាប់រថយន្តគ្រប់គ្រាន់ ត្រូវកម្លាំងគណៈបញ្ជាឯកភាពខណ្ឌចុះធ្វើការណែនាំឱ្យផ្អាកផងដែរ តែម្ចាស់ទីតាំងបានប្ដូរពីយានដ្ឋានមកជាទីតាំងប្ដូរប្រេងម៉ាស៉ីនទៅវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ កម្លាំងមន្ទីរសាធារណការ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពីនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន៧ទីតាំង ដោយរកឃើញ៦ទីតាំងខុសច្បាប់ ត្រូវសមត្ថកិច្ចធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំឱ្យស្នើសុំច្បាប់អនុញ្ញាត តាមសេចក្ដីណែនាំរបស់មន្ទីរសាធារការ និងដឹកជញ្ជូន និង១ទីតាំងទៀត មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលទើបតែប្ដូរមកពីខណ្ឌទួលគោក តែមិនបានធ្វើការផ្អាកអាជីវកម្មឡើយ ដោយគ្រាន់តែណែនាំឱ្យទៅស្នើសុំប្ដូរអាសយដ្ឋានទីតាំងយានដ្ឋានឡើងវិញ។

លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ ដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួន ឱ្យអស់ទាំងស្រុង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *