ភ្នំពេញ ៖ តាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៥នាក់បន្ថែមទៀត នៅចំនុចផ្ទះគ្មានលេខ ស្ថិតនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីវេលាម៉ោង១១៖៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនក្រាមសថ្លា ចំនួន១៦កញ្ចប់ (០៦កញ្ចប់ធំ និង១០កញ្ចប់តូច), ម៉ាសុីនសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន២, អាវុធខ្លី ១ដើម ម៉ាក K59 មានគ្រាប់ចំនួន ៨គ្រាប់, និងសម្ភារសម្រាប់សេពមួយចំនួនទៀតផងដែរ។
ជនសង្ស័យទាំង០៦មានឈ្មោះ៖
ទី១-ឈ្មោះ ឌឹម សុខឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។
ទី២-ឈ្មោះ យុន ហំ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងចែកចាយគ្រឿងញៀន) ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
ទី៣-ឈ្មោះ ខាន់ បារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
ទី៤-ឈ្មោះ មាស ចិន្តា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)បច្ចុប្បន្នរស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
ទី៥-ឈ្មោះ សុខ នី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយគ្រឿងញៀន)
ទី៦-ឈ្មោះ ថុល សោភ័ណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពាក់ព័ន្ធគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅផ្ទះជនសង្ស័យ ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ៖ ទូច រ៉ាវុធ