ភ្នំពេញ៖ បញ្ហាជម្លោះពាក្យសម្តីរវាងពលរដ្ឋនិងមន្ត្រីនគរបាលចរាចរណ៍តែងកើតមានជារឿយៗ ដែលជួនកាលបណ្តាលមកពីពលរដ្ឋជិះល្មើសច្បាប់តែមិនទទួលកំហុស ហើយជួនកាលបណ្តាលមកពីមន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូចធ្វើការមិនស្គាល់តួនាទីរបស់ខ្លួនច្បាស់ រហូតដល់បង្កជាករណីដកហូតសោម៉ូតូ ឬរថយន្តទៅទុកជាដើម។
ជាក់ស្តែងករណីដកហូតសោរម៉ូតូទៅទុកនេះ ពលរដ្ឋម្នាក់បានចោទជាសំណួរទៅកាន់លោកឧត្តមសេនីយ៍ ទី ចំរើនកុសលថា «លោកពូឧត្តមសេនីយ៍ជាទីគោរព! តើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោម៉ូតូរបស់ខ្ញុំ?»។ ជាការឆ្លើតតបលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបកស្រាយថា «បើគ្រាន់តែជិះល្មើសនិងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។ ប៉ុន្តែបើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ហើយបើករត់។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួចនៃក្រមព្រហ្មទណ្ឌបានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ជាចុងក្រោយលោកបានបញ្ជាក់ថា «ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ ដែលតែងតែប្រើវិធាន ដកហូតយកកូនសោម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ប្រយ័ត្នល្មើសនិងមាត្រា ៣៥៣ ខាងលើ។ ហើយបើមានការប្រវាយប្រតប់គ្នាក្នុងការដកហូតយកកូនសោនេះទៀត គឺសុំមើលមាត្រា ៣៥៧ ស្តីពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា។
បំណងល្អពីឧត្តមសេនីយ៍ ទី ចំរើនកុសល អតីតជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ៖ ទូច រ៉ាវធ