ព័ត៌មានជាតិ

យោធាការពារព្រំដែន ឆ្មក់បង្ក្រាបបានករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវចូលមកកម្ពុជា ជាង៤០កញ្ចប់ នៅស្រុកបុរីអូរស្វាយសែនជ័យ

ស្ទឹងត្រែង ៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករង ខេត្តស្ទឹងត្រែង ប្រចាំនៅស្រុកបុរីអូរស្វាយសែនជ័យ បានធ្វើការបង្រ្កាបករណីមានជសង្ស័យកំពុងធ្វើសកម្មភាពដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា។

ការបង្រ្កាបនេះ ត្រូវបានមន្រ្តីយោធាឲ្យដឹងថា គឺធ្វើឡើងខណៈកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ត្រង់ចន្លោះចំនុចបង្គោលលេខ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ។

បើតាមការឲ្យដឹងពីមន្រ្តីយោធាដែលស្ថិតក្នុងសកម្មភាពនោះ បានឱ្យដឹងថាថា វត្ថុតាងទាំងនេះ មានចំនួន៤០កញ្ចប់ ទម្ងន់ស្មើនិងប្រមាណជាង២០គីឡូក្រាម ត្រូវបានឧក្រិដ្ឋជននាំឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា តាមច្រករបៀង ច្រកក្នុងការ៉ុងដោយមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ។ ក្រោយបង្រ្កាបបាន កម្លាំងយោធាការពារព្រំដែនចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត ក៏បានប្រគល់ជូនជំនាញអាវុធហត្ថខេត្តដើម្បីត្រួតពិនិត្យ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តស្ទឹងត្រែង បានឱ្យដឹងថា នេះគឺជាមោទនៈភាពមួយ សម្រាប់កម្លាំងយោធាសឹករងការពារព្រំដែន ហើយក៏ពុំធ្លាប់មានពីមុនមកដែលកម្លាំងយោធាធ្វើការបង្រ្កាបលើករណីបែបនេះ។ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងឲ្យបានល្អ ជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀត នៅតាមបន្ទាត់ព្រំដែន ត្រូវបន្តសហការគ្នាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែនឲ្យបានល្អ ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងយកប្រទេសកម្ពុជា ជាគោលដៅឆ្លងកាត់ ដើម្បីនាំយកទៅកាន់ប្រទេសទីបី ឬទីកន្លែងគោលដៅ ជាពិសេសខេត្តស្ទឹងត្រែង គឺគោដៅដំបូងគេ ក្នុងការចរាចរនូវប្រភេទគ្រឿងញៀននេះ។

បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនមកដល់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត នឹងត្រៀមបញ្ជូនបន្តទៅឲ្យស្ថាប័នជំនាញពាក់ព័ន្ធដើម្បីរក្សាទុក នឹងកំទេចចោលនៅពេលក្រោយ៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *