បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណ២០៥គ្រួសារ នៅក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិចទាំងស្រុង។ ភូមិនេះមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្ត ហើយការជន់លិចនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ មិនអាចធ្វើដំណើរទៅណាបាននោះឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋ ត្រូវបានជម្លៀសទៅនៅជុំគ្នា នៅទីទួលវត្តអារាមមួយកន្លែង។
ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាទុក្ខលំបាករបស់អាជ្ញាធរ និងថ្នាក់ដឹកនាំជាតិផងដែរ ដូច្នេះហើយទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រោះគ្រោះមហន្តរាយនោះ បានធ្វើដំណើរដោយផ្ទាល់ចុះទៅកាន់តំបន់ ហ៊ុមព័ទ្ធដោយទឹកជំនន់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។
ដំណើរចុះទៅកាន់តំបន់លិចលង់នេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ដោយសារតែស្ថានភាពផ្លូវលំបាក និងទឹកលិចផងនោះ ដើម្បីទៅដល់កន្លែងប្រជាពលរដ្ឋជន់លិច ត្រូវធ្វើដំណើរតាមត្រាក់ទ័រ និងជិះកាណូតផងដែរ ដើម្បីទៅដល់កន្លែងប្រជាពលរដ្ឋប្រមូលផ្តុំនោះ ចំណាយពេលជិតពីរម៉ោង។
គ្រាន់តែលោកទេសរដ្ឋមន្ត្រី គន់ គីម និងថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដល់ភ្លាមប្រជាពលរដ្ឋនៅទីនោះ បានទះដៃស្វាគមន៍វត្តមានលោកទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជួបសាកសួរមេភូមិ មេឃុំ និងប្រជាពលរដ្ឋពីផលប៉ះពាល់របស់ពួកគាត់។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាពលរដ្ឋ ពីការដាក់ចេញបទបញ្ជារបស់សម្តេចតេជោ ឱ្យអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តចុះជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នេះ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សម្តេចទាំងទ្វេលោកតាមដានជាប់ជាប្រចាំពីស្ថានភាព នៃការជន់លិចរបស់បងប្អូន។ សម្តេចទាំងពីរលោក បានបញ្ជាយើងខ្ញុំឱ្យចុះមកជួបផ្ទាល់ជាមួយបងប្អូន ដើម្បីដោះស្រាយការលំបាករបស់បងប្អូន។ សម្តេចលោកបានដាក់បទបញ្ជា ឱ្យជួយបងប្អូនមិនត្រូវទុកបងប្អូន ចោលនោះឡើយ»។
នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ លោកអភិបាលខេត្ត អ៊ុ រាត្រី ថ្នាក់ដឹកនាំកងកម្លាំងក្នុងខេត្ត ដែលបានចុះជួយ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ។ លោកអភិបាលខេត្តបានឱ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ ទឹកជន់លិចនៅស្រុកចំនួន៨ និងឃុំ៣៣ ប៉ះពាល់ប្រជាលរដ្ឋជិត៣ពាន់គ្រួសារ ស្លាប់៥នាក់ និងប៉ះពាល់សន្ទូង និងផលដំណាំផ្សេងៗជិត ៦ពាន់ហិកតា។
លោកអភិបាលខេត្ត បានឱ្យដឹងថា តំបន់ជន់លិចខ្លាំងជាងគេ មាននៅក្រុងសិរីសោភណ និងស្រុកមង្គលបុរី។ លោកអភិបាលខេត្ត បានឱ្យដឹងថា ពលរដ្ឋជាង៣០០គ្រួសារ ត្រូវបានជម្លៀស។
បើតាមលោកអភិបាលខេត្ត ប្រជាពលរដ្ឋរងគ្រោះត្រូវបានខេត្តរៀបចំស្បៀង និងសម្ភារប្រើប្រាស់បណ្តោះអាសន្នជូនពួកគាត់ ហើយកម្លាំងប្រដាប់អាវុធ និងមន្ត្រី ក៏ត្រូវបានដាក់ពង្រាយចាំជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ផងដែរ។
លោកអភិបាលខេត្ត ក៏បានសម្តែងការព្រួយបារម្ភពីការជន់លិចកាន់តែខ្លាំង នៅតាមតំបន់ជាប់ព្រំដែនជាមួយថៃ ព្រោះអាជ្ញាធរខេត្តស្រះកែវ របស់ថៃ បានជូនដំណឹងពីការបើកទំនប់ទឹកមួយនៅក្នុងខេត្ត។ ការបើកទំនប់នឹងនាំឱ្យទឹកហូរមក ជោរជន់លិចនៅតាមតំបន់ព្រំដែន។
សូមបញ្ជាក់ថា ដើម្បីរំលែកការលំបាករបស់ខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមហ៊ុនឡេងណាវ៉ាត្រា បងប្រុសឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកា១,៥០០ដុល្លារជូនខេត្ត ដើម្បីទិញស្បៀងអាហារជូនពលរដ្ឋរងគ្រោះ ក្រោយផ្តល់ថវិកាចំនួន៥០០០ដុល្លារ កាលពីម្សិលមិញ ដើម្បីជួយជនរងគ្រោះនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ព្រមទាំងកងកម្លាំងផងដែរ៕