ព័ត៌មានសង្គម
ភ្នំពេញ ៖ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះសំណាក់ សាំង ហ៊រទៀន នៅតាមបណ្តោយ មហាវិថីសហពន្ធរុស្សុី ជាប់របងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-3738 ចំណែកជនដៃដល់ ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។
តាមសម្ដីបុរសម្នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តជនរងគ្រោះបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តជនដៃដល់ បានបើក ស្របទិសគ្នាបានមកបុកចំគូថរថយន្តជនរងគ្រោះ ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកស្តុប និងឆ្កូតកាងបន្តិចបន្តួច ។
ប្រភពបន្តថា ភាគីទាំងពីរ ក៏ចុះសម្របសម្រួលគ្នា ដោយ មិនមានការជជែក តឹងសរសៃកនោះទេគ្រាន់តែភាគីខាងរថយន្តហ្វត ឱ្យខាងរថយន្តបង្ក យកទៅជួសជុល អោយស្អាតដូចដើមវិញតែប៉ុណ្ណោះ ។ ស្រាប់តែពេលនោះ ភាគីជនដៃដល់ម្នាក់ បានឡើងលើរថយន្ត បញ្ឆេះម៉ាសុីន និងបក្ខពួក២នាក់ទៀត បានដកកាំភ្លើងខ្លី បាញ់ជនរងគ្រោះចំនួន៩គ្រាប់ បណ្ដាលឱ្យត្រូវចំក្បាល ចំដើមទ្រូង និងពោះបានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕