ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត…

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។
ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា, ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់»។
អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។
ចំពោះបញ្ហាទំនាស់ដីធ្លី ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនឱ្យមានកិច្ចសហការជាមួយដៃគូ ឬមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍ ឬសិស្សនិស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលឱ្យបានច្រើនថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *