ភ្នំពេញ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីរកឃើញកាលពីម៉ោងជាង ៥ព្រឹក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនថា ករណីបុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ៖ នៅព្រឹកវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានទទួលលទ្ធផលវិភាគពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាដោយបង្ហាញថា លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នោះ គឺបញ្ជាក់ថា វិជ្ជមានវីរុសកូវី-១៩ ។
ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង ៥ព្រឹក នៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (ខ្មែរ)(មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។ ក្រុមការងារ កំពុងតែបន្តធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាបន្តទៀត។
ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។ ពេលមកដល់ខេត្តសៀមរាប គាត់នៅសម្ងំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច (សរសេរសៀវភៅ) មានតែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយាគាត់ ដោយសារមានម្ហូបអាហារជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្តងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តនូវវិធានការការពារដោយបានពាក់ម៉ាសពេលទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។ ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេងមកប៉ះពាល់នោះឡើយ។
បច្ចុប្បន្ន ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងបន្តធ្វើកិច្ចការចាំបាច់ៗ សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួង នឹងបន្តជូនព័ត៌មានដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ ប្រសិនបើមានពាក់ព័ន្ធទៅនឹងករណីខាងលើនេះ៕