ប៉ៃលិន ៖ ក្រោមការដឹកនាំបញ្ជាពីវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន, លោកវរសេនីយ៍ត្រី អ៊ឹង សុផល អធិការរងបានដឹកនាំកម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ចុះល្បាតជុំវិញភូមិសាស្រ្ត ដើម្បីបង្ការបទល្មើសផ្សេងៗ បានប្រទះជួបក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ០២គ្រឿង មានគ្នាចំនួន០៣នាក់ បានកាប់កញ្ចក់ឡានប្រជាពលរដ្ឋ ដែលចតនៅមុខផ្ទះ ស្ថិតនៅទុលមុខខ្លោងទ្វាព្រះវិហ៊ាឥស្លាម ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
ពេលនោះ កម្លាំងល្បាតបានដេញតាម និងឃាត់បានក្មេងទំនើងទាំងបីនាក់ រួមទាំងម៉ូតូ០២គ្រឿង នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ ហាច ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (លួច០៦លើក កាប់កញ្ចក់ឡាន០១លើក), ទី២. ឈ្មោះ សេង សុភី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៣. ឈ្មោះ ហុង ធួន ហៅប៊ឺត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (លួច០៥លើក)។
ក្រោយពីសាកសួររួច ពួកគេបានសារភាពថា ខ្លួនបានធ្លាប់ដើរលួចធុងទឹកកក ទ្រព្យសម្បត្តិមានតម្លៃតាមផ្ទះរបស់ប្រជាពលរដ្ឋ ប្រាកដមែនរួមទាំងបក្សពួក។
លុះដល់វេលាម៉ោង០៩៖០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញ បានបន្តនីតិវិធីចុះទៅនាំខ្លួនបក្សពួកបន្ថែមទៀត បានចំនួន៥នាក់ មកសាកសួររួមមាន៖ ទី១៖ ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (លួច០៤លើក), ទី២៖ ឈ្មោះ សោម បូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន (លួច០២លើក), ទី៣៖ ឈ្មោះ ណូច រ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន (លួច០៣លើក), ទី៤៖ ឈ្មោះ ប៉ិល ជុងហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន (លួច០៥លើក), ទី៥៖ ឈ្មោះ សៀវ ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន(លួច០១លើក)។
សរុបរួមក្រុមនេះ បានធ្វើសកម្មភាពលួចធុងទឹកកក និងទ្រព្យសម្បត្តិមានតម្លៃតាមផ្ទះរបស់ប្រជាពលរដ្ឋចំនួន២៦លើក ទទួលបណ្តឹងចំនួន០៨ច្បាប់។ ក្រោយពីសាកសួររួចក្រុមទាំងនេះ បានសារភាពថា ខ្លួនពិតជាបានដើរលួចធុងទឹកកក និងទ្រព្យសម្បត្តិ មានតម្លៃតាមផ្ទះរបស់ប្រជាពលរដ្ឋទាំង២៦លើក ពិតប្រាកដមែន។
ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានដកហូតម៉ូតូ២គ្រឿង អិចសាយទ័រ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ គ្មានផ្លាកលេខចំនួន០១គ្រឿង និងម៉ូតូស៊ុយសាគីឡែត ពណ៌សលាយខៀវសេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ១HL:៤០៨៥ ចំនួន០១គ្រឿង រួមទាំងទូរស័ព្ទដៃបីគ្រឿង និងដាវស៊ាំម៉ូរ៉ៃចំនួន០១ដើម។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕