ព័ត៌មានជាតិ

ឃាត់ជនជាតិចិនម្នាក់ ឆែករកឃើញគ្រឿងញៀនជិត៥គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤ដុំ នៅខុនដូរមួយកន្លែង ក្នុងកោះពេជ្រ

ភ្នំពេញ​ ៖ កម្លាំងចំរុះ នៃរដ្ឋបាលខណ្ឌចំការមន នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចុះរឹតបន្តឹងអាវុធជាតិផ្ទុះ ក្នុងបរិវេណកោះពេជ្រ ក៏បានឆែករកឃើញគ្រឿងញៀន ជិត៥គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤ដុំផ្សេងទៀត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិត្តម្នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តប្រភេទ Lexus GS 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 រួមដំណើរគ្នា៣នាក់ ស្រាប់តែមកដល់ចំណុចដែលមានកម្លាំងសមត្ថកិច្ច ក៏បានព្យាយាមបើកគេច ទៅចតជិតនឹងខុនដូមួយកន្លែង រួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយទម្លាក់នូវកាតាបយួរដៃចំនួន២ ដោយនៅក្នុងកាតាបនោះផ្ទុក ទៅដោយគ្រឿងញៀន ប្រភេទកេតាមីនជិត៥គីឡូក្រាម។

បន្ទាប់មកកម្លាំងចំរុះក៏បានចុះទៅឆែកឆេរបន្ទប់ជនសង្ស័យនៅចំណុចខុនដូមួយកន្លែង មានឈ្មោះថា រីវើរ៉ា ផ្លាហ្សា ស្ថិតនៅក្នុងបរិវេណកោះពេជ្រ ស្រាប់តែ ឃើញបុរសជនជាតិចិនម្នាក់យួរថង់ពណ៌ប្រផេះក៏សង្ស័យ ទើបឃាត់ខ្លួនឆែរឆេរក៏ប្រទះឃើញគ្រឿងញៀន ប្រភេទហេរ៉ូអ៉ីនចំនួន១៤ដុំបន្ថែមទៀត នៅវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *