ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ៖ ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និង​តំបន់​ការពារ​នានា​មួយចំនួន នៅតែ​បន្ត​ទទួលរង​ការកាប់បំផ្លាញ​និង​ការទន្ទ្រាន​កាន់កាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួរឱ្យ​ព្រួយបារម្ភ​


​មណ្ឌលគិរី ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ការព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ ហើយ ព្រៃឈើ​នៅ​តំបន់​ការពារ​មួយចំនួន​នៅតែ​បន្ត​ទទួលរង​ការកាប់បំផ្លាញ​និង​ការទន្ទ្រាន​ដី​យក​ធ្វើ​កម្មសិទ្ធិ​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ប្រារព្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី​។

​សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ​ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និង​តំបន់​ការពារ​នានា​មួយចំនួន នៅតែ​បន្ត​ទទួលរង​ការកាប់បំផ្លាញ​និង​ការទន្ទ្រាន​កាន់កាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួរឱ្យ​ព្រួយបារម្ភ​។ ជាក់ស្ដែង​នៅ​ខេត្តមណ្ឌលគិរី ដែលមាន​ធនធានធម្មជាតិ​ស្ដុកស្ដម្ភ​និង​ទេសភាព​ដ៏​ស្រស់ត្រកាល ក៏ត្រូវ​បាន​ក្រសួងបរិស្ថាន​រកឃើញ​ថា បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ក្រោមរូបភាព​នានា​ផងដែរ​។

​សម្តេច ស ខេង បានបញ្ជាក់​តាមរយៈ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សម្រេច​ប្រគល់ជូន​ក្រសួងមហាផ្ទៃ សម្របសម្រួល​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ករណីនេះ រហូត​ឈានទៅ​ចាត់វិធានការ​លើ​មន្ត្រី​មួយចំនួន ស្របតាម​ច្បាប់ ខណៈ​ករណី​ពាក់ព័ន្ធ​មួយចំនួនទៀត​ក៏​កំពុង​ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ​»​។

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម គណៈអធិបតី ព្រមទាំង​អង្គពិធី​អំពី​ស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ សភាពការណ៍​សន្តិសុខ​សណ្ដាប់ធ្នាប់ សភាពការណ៍​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន ការងារ​គ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ និង​សកម្មភាព​នានា​ដែល​ខេត្ត​សម្រេចបាន​នាពេល​កន្លងមក​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា កិច្ច​ប​ប្រជុំ​ស្ដីពី​ការពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​នា​ថ្ងៃនេះ រៀបចំឡើង​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​៤​ផ្សេងទៀត រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងយុត្តិធម៌​។

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ដោយសារ​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ នៅក្នុង​កិច្ចប្រជុំ​នេះដែរ សម្ដេច​បានអនុញ្ញាត​ឱ្យ​អញ្ជើញ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ពាក់ព័ន្ធ​ផ្សេងទៀត ដូចជា​ខេត្តរតនគិរី​, ក្រចេះ​, ស្ទឹងត្រែង​, ព្រះវិហារ និង​កំពង់ធំ ព្រមទាំង​បណ្ដា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំងនោះ​ផងដែរ ក្នុងន័យ​រួមគ្នា​ដើម្បី​ពង្រឹង​តួនាទី និង​ភារកិច្ច​រដ្ឋបាលខេត្ត​ក្នុងការ​គ្រប់គ្រង​ដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និង​បរិស្ថាន​។

​សម្ដេច​ក្រឡាហោម​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្តមណ្ឌលគិរី និង​បណ្ដា​ខេត្ត​នានា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និង​បរិស្ថាន ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ប៉ុន្តែ​ជាមួយគ្នានេះ សម្ដេច​បាន​សង្កត់ធ្ងន់​ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និង​តំបន់​ការពារ​នានា​មួយចំនួនទៀត នៅតែ​បន្ត​ទទួលរង​ការកាប់បំផ្លាញ ការ​ន្ទ្រា​ន​កាន់កាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរឱ្យ​ព្រួយបារម្ភ​។
​សម្ដេច​បាន​បន្តថា ជាក់ស្ដែង​នៅ​ខេត្តមណ្ឌលគិរី​ដែល​ស្ដុកស្ដម្ភ​ដោយ​ធនធានធម្មជាតិ និង​ទេសភាព​ដ៏​ស្រស់ត្រកាល​នេះ​ក៏​ត្រូវបាន​ក្រសួងបរិស្ថាន​រកឃើញ​ថា បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ក្រោមរូបភាព​នានា ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្រេច​ប្រគល់ជូន​ក្រសួងមហាផ្ទៃ សម្របសម្រួល​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ករណីនេះ រហូត​ឈានទៅ​ចាត់វិធានការ​លើ​មន្ត្រី​មួយចំនួន​ស្របតាម​ច្បាប់ ខណៈ​ករណី​ពាក់ព័ន្ធ​មួយចំនួនទៀត​ក៏​កំពុង​ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ​។

​ពាក់ព័ន្ធ​នឹង​មន្ត្រី​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ដែល​បានកើត​ឡើង​នោះ សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា មន្ត្រី​ទាំងនោះ មាន​ពីរ​ប្រភេទ គឺ​មន្ត្រី​មុខងារសាធារណៈ និង​មន្ត្រី​ជាប់ឆ្នោត​។ សម្ដេច​បាន​មានប្រសាសន៍ថា​មន្ត្រី​ជាប់ឆ្នោត ដូចជា​ក្រុមប្រឹក្សាឃុំ ឬ​សមាជិកសភា​ថ្វី​ដ្បិតថា​មិនបាន​ដកចេញ​ពី​តួនាទី​ដូច​មន្ត្រី​មុខងារសាធារណៈ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ក៏បាន​ទទួល​ការពិន័យ​តាម​នីតិវិធី​ច្បាប់​ដែរ​។

​សម្ដេច​បាន​គូសបញ្ជាក់ថា​អ្វីដែល​ក្រុមការងារ​បានសម្រេច​ពា​ក់​ព័ន្ធ​នឹង​ចំណាត់ការ​លើ​មន្ត្រី​ប្រព្រឹត្ត​ខុស​នោះ គឺជា​ការ​អនុវត្តតាម​ភារកិច្ច​ក្នុងនាម​ជា​មន្ត្រី​សាធារណៈ ជា​អ្នកបំរើ​ប្រជាពលរដ្ឋ មិនមែនជា​ការធ្វើ​ឡើង​ដោយ​ផ្អែកលើ​ផលប្រយោជន៍​បុគ្គល​ណាមួយ​នោះទេ​។
​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​«​ជាការ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​យើងទាំងអស់គ្នា និង​ដើម្បី​កូនចៅ​យើង​ទៅ​ថ្ងៃ​អនាគត​….»​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ឆ្លងតាម​ការសិក្សា​ស្រាវជ្រាវ​លើ​ករណីនេះ មានការ​ពាក់ព័ន្ធ​នឹង​ការ​នុ​វត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ការបែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​, កិច្ចសហការ​ក្នុងការ​អនុវត្ត​ច្បាប់ និង​តាមដាន​ត្រួតពិនិត្យ​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​នៅ​ផ្ទៃក្នុង​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ ព្រមទាំង​ភាព​ស្អាតស្អំ និង​មនសិការ​វិជ្ជាជីវៈ​រប​ស់​មន្ត្រីរាជការ ភ្នាក់ងារ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​។​
​ដើម្បី​លើកកម្ពស់​ការអនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​គ្រប់គ្រង​ដីធ្លី ព្រៃឈើ បរិស្ថាន និង​ធនធានធម្មជាតិ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម​បានផ្ដល់​គោលការណ៍​ណែនាំ​សំខាន់ៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធិភាព​ក្នុងការ​អនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​, ការរៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ស្របតាម​ការរីកចម្រើន​របស់​ជាតិ​, ការពង្រឹង​មន្ត្រី និង​អាជ្ញាធ​មាន​សមត្ថកិច្ច​, ការចុះបញ្ជី​ដីធ្លី និង​ការដោះស្រាយ​ទំនាស់​ដីធ្លី​, ការអភិរក្ស និង​អភិវឌ្ឍន៍​សហគមន៍​ជន​ជាដើម​ភាគតិច​។

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​ផ្ដល់​ការណែនាំ​បន្ថែមទៀត​ដែរ អំពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​, ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ​, ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​យន្តការ​ច្រកចេញចូល​តែមួយ​, ការខិតខំ​ប្រមូល​សំណើរ សំណូមពរ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កា​រប​ហរ​មូល និង​ឆ្លើយតប​តាមរយៈ​បណ្ដាញ​សង្គម ដោយមាន​យន្តការ​ដោះស្រាយ​ជាក់លាក់ និង​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *