ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។
ក្រោយពីទទួលបានបទបញ្ជានេះរួចមក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ, លោកអនុសេនីយ៍ឯក សុង សោភ័ណ្ឌ នាយរងផ្នែកអគ្គិភ័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់សាំងចំនួន៣ទីតាំង។
* ទីតាំងលក់សាំងទី១៖ ស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច ប៉ាស្ទ័រ និងលក់ហ្គាស ដែលមានម្ចាស់ឈ្មោះ ម៉ៅ វន ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតនៅចំណុចដីឡូតិ៍លេខ១៦៥ ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
* ទីតាំងលក់សាំងទី២៖ ស្ថានីយ៍ប្រងឥន្ធនៈ កាល់ទិច ដោយមានម្ចាស់ឈ្មោះ ហួត ម៉ាន់ណា ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតនៅចំណុចដីឡូត៍លេខ៣២៤-៣២៦ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
* ទីតាំងលក់សាំងទី៣៖ ស្ថានីយ៍ប្រេងឥន្ធនៈ ភី.ធី.ធី ដោយមានម្ចាស់ឈ្មោះ តេង គីមសេង ភេទប្រុស អាយុ២៦ឆ្នាំ ស្ថិតនៅចំណុចផ្លូវ២៤០ ភូមិ០៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ដោយនៅក្នុងទីតាំងចំនួន៣កន្លែង ដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពិតប្រាកដមែន។
ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន៣ខាងលើរួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕