ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់កាសែតក្នុងស្រុកនៅរសៀលថ្ងៃទី៨ខែកញ្ញានេះថា ក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់មុខតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំហើយ ក្រោយពីការស៊ើបអង្កេតរកឃើញថា លោកបានប្រព្រឹត្តដូចការប្តឹងមែន ហើយត្រូវបានទម្លាក់ឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ឯក។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងបានសម្រេចដកតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ ក្រោយពីបានរកឃើញថា ស្នងការរូបនេះពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលជាស្ត្រី។
បើតាមលោក ខៀវ សុភ័គ ៖ “លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)”។
សូមបញ្ជាក់ថា កាលពីខែមុន មានការបែកធ្លាយនូវពាក្យបណ្តឹងមួយដែលបានរៀបរាប់ពីដំណើររឿង ដោយចោទស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ថាបានបំពានកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលជាស្ត្រីនៅខេត្តកំពង់ធំជាច្រើននាក់ និងប្រើអំណាចមិនឱ្យមន្ត្រីនគរបាលទាំងនោះរើបម្រាសទៀតផង។ បន្ទាប់មក នៅថ្ងៃទី១១ ខែសីហា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គស្នងការនគរបាល និងអភិបាលខេត្តកំពង់ធំ ពិនិត្យនិងធ្វើការស៊ើបអង្កេតរកការពិត ចំពោះករណីនេះ។
លោក អ៊ុក កុសល ត្រូវបាននគរបាលនារីៗមួយចំនួន ដែលស្ថិតនៅក្រោមឱវាទរបស់លោក ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា លោកស្នងការរូបនេះ បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍នៅថ្ងៃទី៨កញ្ញានេះថា ក្រសួងបានសម្រេចបញ្ចប់តំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ និងបានស្នើទៅប្រមុខរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រ ដើម្បីពិនិត្យនិងពិចារណាព្រះរាជទាននិងសម្រេចបន្ថយឋានន្តរសក្តិមន្ត្រីរូបនេះពីថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) មកជាវរសេនីយ៍ឯក(សក្តិ៥)វិញផងដែរ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្រោយពីបានធ្វើការស៊ើបអង្កេតលើបណ្តឹងនោះ ក្រសួងបានរកឃើញថា លោក អ៊ុក កុសល ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស ទៅលើមន្ត្រីនគរបាលស្ត្រីក្រោមឱវាទរបស់ខ្លួនពិតមែន។ បន្ទាប់ពីការស៊ើបអង្កេតមក យើងធ្វើការសន្និដ្ឋានថា មានការបៀតបៀនកេរ្តិ៍ខ្មាសទៅលើនារីរងគ្រោះមែន និងបានធ្វើសំណើទៅក្រសួងសម្រេច ដោយពិន័យរដ្ឋបាលយ៉ាងធ្ងន់បំផុត គឺទី១ ដកឋានៈជាស្នងការ ទី២ ដកឋានន្តរសក្តិជាឧត្តមសេនីយ៍មកនៅជាមន្ត្រីធម្មតាវិញ។ បើទោះជាលទ្ធផលស៊ើបអង្កេត បានរកឃើញបែបនេះក្តី ប៉ុន្តែសំណុំរឿងនេះ មិនត្រូវបានបញ្ជូនទៅតុលាការទេ ដោយសារតែអាជ្ញាធរលំបាកក្នុងការចងក្រងឯកសារ និងធាតុផ្សំនៃរឿង ដោយសាររឿងនេះ បានកើតឡើងជាយូរឆ្នាំមកហើយ និងដើម្បីការពារសេចក្តីថ្លៃថ្នូរបស់ជនរងគ្រោះ ជានគរបាលស្ត្រីទាំងនោះផងដែរ៕