ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានធ្វើការក្រើនរំឮកសារជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេស រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ការក្រើនរំឮកនេះដើម្បីបន្ដបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទី១-ចាត់ចែងឲ្យមានអ្នករដ្ឋបាល ឬអ្នកគ្រប់គ្រងចំនួន ២នាក់ ឬប្រគល់សិទ្ធិដល់គណៈកម្មការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ (OSH Committee) ឬគណៈកម្មការអេដស៍ និងគ្រឿងញៀន របស់រោងចក្រ ខ្លួនឱ្យធ្វើការផ្សព្វផ្សាយ និងណែនាំ ជាប្រចាំដល់កម្មករនិយោជិតអំពីវិធានអនាម័យ សុវត្ថិភាព និងសុខភាព ការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ-១៩ នៅរៀងរាល់ថ្ងៃសៅរ៍ ឬច្រើនជាងនេះ រហូតដល់ករណីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។
ទី២-គ្រប់គ្រង តាមដាន កត់ត្រា និងតម្កល់ឱ្យបានល្អជាប្រចាំថ្ងៃអំពីការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់។
ទី៣-រៀបចំឲ្យមានទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃនៅតាមមាត់ច្រកចេញចូលអគារ សម្រាប់កម្មករនិយោជិតលាងសម្អាតដៃមុនពេលចូលក្នុងរោងចក្រ សហគ្រាស។
ទី៤-រៀបចំឱ្យមានការវាស់កម្តៅគ្រប់កម្មករនិយោជិតទាំងអស់ មុនពេលអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស ជាពិសេសអគារផលិតកម្ម និងរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទដែលផ្តល់ដោយក្រសួងសុខាភិបាល ប្រសិនជាមានកម្មករនិយោជិតណាម្នាក់មានកម្តៅលើសពី ៣៧,៥អង្សា និងមានរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលមានកើតជំងឺកូវីដ-១៩ ឬបានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ-១៩ ឬអ្នកស្លាប់ដោយសារជំងឺស្រួចស្រាល់ដោយមិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា។
ទី៥- រៀបចំបម្រុងទុកម៉ាស់ឱ្យបានគ្រប់គ្រាន់ សម្រាប់បើកផ្តល់ដល់កម្មករនិយោជិត តាមវេជ្ជបញ្ជារបស់ពេទ្យ អាស្រ័យលើស្ថានភាពសុខភាព និងស្ថានភាពទូទៅរបស់កម្មករនិយោជិតម្នាក់ៗ។
និងទី៦-រំឮកកម្មករនិយោជិតនៅពេលដែលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ឬកែងដៃ បន្ទាប់មកត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុល។
ជាមួយគ្នានោះដែរក្រសួងការងារ បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ សហគ្រាស សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចាត់វិធានការបន្ថែមជាវិជ្ជមាននានា នាំឱ្យសម្រេចបាននូវសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតនាពេលកន្លងមក៕