ព័ត៌មានជាតិ

នគរបាល​អនុវត្ត​ដីកាចាប់ខ្លួន​ឈ្មោះ អេង សំអាត ហៅ ពឹ​ម សំអាត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរភេទ​លើ​ក្មេងស្រី អាយុ ៧ ឆ្នាំ​


​ភ្នំពេញ​៖ ទីបំផុត នៅ​រសៀល​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះសមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ អេង សំអាត ហៅ ពឹ​ម សំអាត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរ ភេទ​លើ​ក្មេងស្រី អាយុ ៧ ឆ្នាំ បាន​ហើយ បន្ទាប់ពី​រត់គេចខ្លួន ។

សមត្ថកិច្ច​នគរបាល​ខណ្ឌ និង សមត្ថកិច្ច នគរបាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ស្រាវជ្រាវ​ករណីនេះ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ បន្ទាប់ពី​សារព័ត៌មាន ហ្វេ​ស​ប៊ុ​ក ដែល​បាន​ផ្សាយ​ពី ករណីនេះ​រហូត​ទទួលបាន​លទ្ធផល​លឿន​រហ័ស ។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានធ្វើ​ការតាមដាន និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើករ​ណី​នេះ​រួចមក នៅ​រសៀល​ថ្ងៃ​៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​អនុវត្តតាម​ដីការ​តុលាការ​ដោយបាន​ធ្វើការ​នាំខ្លួន​ឈ្មោះ អេង សំអាត ពីបទ​ចោទប្រកាន់ “​ប្រទូស្ត​កេរ​ខ្មាស ” បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់ថា​ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មិនដែល​ព្រងើយកន្តើយ​ឬ​លាក់បាំង​អ្វី​ឡើយ ជាក់ស្តែង​សមត្ថកិច្ច​មិនអាច​អនុវត្ត​ការងារ​ណា​ដោយ​មិនមាន​ភាពច្បាស់លាស់​ឡើយ ហើយ​សមត្ថកិច្ច​ក៏​មិន​ទុក​ករណី​ល្មើស​ណាមួយ​ចោល​ដែរ ។ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​មុននឹង​អនុវត្ត​ការងារ​អ្វីមួយ គឺ​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​តាម​ជំនាញ ជាពិសេស​ត្រូវធ្វើ​ការស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ចៀសវាង​ការអនុវត្ត​ខុស ឬ​ចាប់​មនុស្ស​ខុស ។​

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ពី​ករណី​ឈ្មោះ អេង សំអាត និង ពឹ​ម សំអាត ។ ដើម្បី​ចៀសវាង​ការអនុវត្ត​ខុស ឬ​ចាប់​មនុស្ស​ច្រឡំ​តាម​ជំនាញ សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​តាមដាន ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មិនមែន​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់ ឬ​មិន​អនុវត្ត​ការងារ​ដូចដែល​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​នោះទេ ហើយ​សមត្ថកិច្ច​ក៏​មិនដែល​ទុក​ឲ្យ​ជនល្មើស​ណា​ម្នាក់​ដើរហើរ​ដោយ​សេរី​នោះដែរ ។ ជាក់ស្តែង​ដោយ​ជនសង្ស័យ​តាម​ដីកា​បង្គាប់​របស់​តុលាការ​មានឈ្មោះ​ថា អេង សំអាត ( ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​) រីឯ​រូបភាព​ដែល​សារព័ត៌មាន​មួយចំនួន​បាន​យកទៅ​ចុះផ្សាយ​នោះ​គឺ ឈ្មោះ ពឹ​ម សំអាត ដែលជា​មន្ត្រីនគរបាល ។

​ដូច្នេះ​ដើម្បី​ឲ្យ​ដឹង​ការពិត សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​ថា​តើ អេង សំអាត និង ពឹ​ម សំអាត ជា​មនុស្ស​តែមួយ ឬ​មនុស្ស​២​នាក់​ផ្សេងគ្នា ។

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ជំនាញ បម្រើ​ប្រជាពលរដ្ឋ និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​នៅពេល​គាត់​ជួប​បញ្ហា​ផ្សេងៗ ។​

​នៅពេល​ស្រាវជ្រាវ​ដឹង​ពី​ការពិតហើយ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្តតាម​ដីកា​របស់​តុលាការ ក៏ដូចជា​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​បាន​ដើម្បី​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់ ។ ស្រប​ពេលដែល​សមត្ថកិច្ច​កំពុងតែ​ប្រើប្រាស់​ជំនាញ​ស្រាវជ្រាវ​លើ​ករណីនេះ សូម​សារព័ត៌មាន​មួយចំនួន​គួរតែ​ចុះផ្សាយ​អ្វីដែល​មាន​មូលដ្ឋាន​ច្បាស់លាស់ ក៏ដូចជា​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្តតាម​ការងារ​ជាក់ស្តែង ចៀសវាង​សារព័ត៌មាន​មួយចំនួន​ដើរតួ​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ផង និង​តុលាការ​ផង ។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជ្រាបថា :

១. ចំពោះ​ជនសង្ស័យ​ឈ្មោះ អេង សំអាត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​លី​អូ មាន​ទីលំនៅ​ផ្ទះជួល លេខ​១១A ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មិនមែនជា​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​នោះទេ ហើយ​ជននេះ​ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៥០៥ ជ ដ​ច​ន ចុះ​ថ្ងៃទី​៤ ខែ ឧសភា ឆ្នាំ ២០២០ ដោយ​លោក សោ សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ប្រទូស្ត​កេរ​ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​លេខ​១១A ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​អំឡុង ខែ​មិនា ឆ្នាំ​២០១៨ ។

២. ចំពោះ​រូបភាព​បុរស​ម្នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​ត្រូវបាន​អ្នកសារព័ត៌មាន​មួយចំនួន បាន​យកមក​ចុះផ្សាយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នោះ ផ្អែក​តាម​ការស្រាវជ្រាវ​របស់​នាយកដ្ឋាន​ជំនាញ​បញ្ជាក់ថា មានឈ្មោះ ពឹ​ម សំអាត អត្តលេខ​.៨៨២៦៣ ជា​មន្ត្រី​ម​ប្រើការ​ងារ​នៅ​ការិយាល័យ​ការពារ នៃ​នាយកដ្ឋាន​រដ្ឋបាល នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ។

​ម្យ៉ាងវិញទៀត​ករណីនេះ​កើតឡើង​នៅ​ខណ្ឌមានជ័យ ប៉ុន្តែ​អាណាព្យាបាល​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​ដោយផ្ទាល់​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​នោះទេ ។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ច​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ស​ង្​
​គម និង​ក៏ដូចជា​ការស្វែងរក​យុត្តិធម៌​សង្គម​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់ ៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *