ព័ត៌មានជាតិ

លោក ឃួង ស្រេង និងមន្ដ្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវន្ត តាមទំនាមទម្លាបព្រះពុទ្ធសាសនា

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២០នេះ។

ពិធីកាន់បិណ្ឌវេនទី៧នេះ ដោយមានការជួបជុំពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្តារព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងទេសនា។ លុះដល់ថ្ងៃទី០៩ កញ្ញា វេលាម៉ោង០៩ព្រឹក ប្រគេបយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។

ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទជា កាលបរិច្ឆេទដែលសន្មតទុកថា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុសស្រី ក្មេងចាស់ នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ល្អៗថ្មីៗយ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះ នៅគ្រប់វត្តទូទាំងប្រទេស មានឧបាសក-ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានអំពាវនាវដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តអនាម័យលាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត ការពាក់ម៉ាស់ ឬក្រមា និងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម។

ជាពិសេស ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ព្រោះថា មកដល់ពេលនេះ ស្ថានភាពបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ទោះបីគ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាទីក្រុង នៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ជំងឺនេះនៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភបំផុត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *