ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ហើយ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈបើកសាលាឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ឡើងវិញ

ភ្នំពេញ​ ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយ ក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ ទី៩ និងថ្នាក់ទី១២ បានសិក្សារៀនសូត្រ នៅថ្ងៃ៧ កញ្ញាខាងមុខនេះ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ នឹងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀមក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំអនាម័យបរិស្ថាន ជាមួយនឹងការបំពាក់នូវគ្រឿងឧបករណ៍ ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។

លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក បានលើកឡើងថា អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សាលារៀនទាំងអស់ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវបានបើកឱ្យសិស្សបានសិក្សារៀនសូត្រឡើងវិញ ដោយចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

លោកបញ្ជាក់ថា កន្លងមកនេះ ពោលគឺនៅពេលមិនទាន់មានមេរោគកូវីដ-១៩ ជាធម្មតា សិស្សត្រូវរៀនក្នុង១ថ្នាក់ ប្រមាណ៥០នាក់ តែសម្រាប់ការបើកសាលាឱ្យសិស្សបានរៀនឡើងវិញ នាថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ គឺមិនដូចនាពេលកន្លងមកនោះទេ គឺក្នុងមួយថ្នាក់ៗ ឱ្យសិស្សរៀនមិនលើសពី២០នាក់នោះទេ ហើយមួយថ្ងៃ សិស្សអាចសិក្សាត្រឹម៣ម៉ោង និង១សប្តាហ៍រៀនបានពី៤ទៅ៥ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការដាក់ចេញនូវវិធានការ ដើម្បីការពារនូវជំងឺកូវីដ-១៩ផងដែរ ដោយតម្រូវឱ្យមានច្រកចេញចូលដែលមានការបាញ់អាកុលសម្លាប់មេរោគ ការពាក់ម៉ាសការពារ ការអនុវត្តវិធានការ លាងដៃនឹងសាប៊ូ អាកុល ទឹកជេល នឹងការដាក់គម្លាតសុវត្ថិភាពពីគ្នាមួយម៉ែត្រកន្លះផងដែរ។ ក្រៅពីនេះវេនចេញលេងរបស់សិស្ស ក៏ត្រូវមានការប្ដូរវេនគ្នាផងដែរ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានលើកឡើងថា ការបើកសាលារៀនឡើងវិញនេះ គឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ដោយយើងត្រូវរៀបចំជាគណៈកម្មការដើម្បីត្រួតពិនិត្យ ហើយបើមានបញ្ហាអ្វីមួយ ដូចជាការឡើងកម្ដៅខ្ពស់ យើងនឹងផ្ដល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ និងការផ្ដល់តាមលេខទូរសព្ទ១១៥ជាដើម។ ពាក់ព័ន្ធនឹងការបើកសាលារៀនវិញ នៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំរួចរាល់ហើយ ចំពោះវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ-១៩។

យុវសិស្ស ព្រុំ សំណាង ដែលជាសិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក បានបញ្ជាក់ពីជំហររបស់ខ្លួនថា ការដែលក្រសួងអប់រំអនុញ្ញាតសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បានចូលរៀនសូត្រឡើងវិញនេះ គាត់ពិតសប្បាយរីករាយណាស់ និងមានការជឿទុកចិត្តយ៉ាងខ្លាំងទៅលើវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ-១៩របស់សាលា ដោយយុវសិស្សរូបនេះ អះអាងថា វិធានការការពារទាំងនេះ អាចធ្វើឲ្យឪពុកម្ដាយ និងព្យាបាលរបស់គាត់មានទំនុកចិត្ត និងជឿជាក់ថា មិនមានការឆ្លងនូវជំងឺកូវីដ-១៩ ក្នុងអំឡុងពេលដែលពួកគាត់សិក្សារៀនសូត្រនេះទេ។

បើតាមយុវតីឈ្មោះ នឿន ធីតា ក៏បានបញ្ជាក់ស្រដៀងនឹងគ្នានេះផងដែរ ហើយនាងក៏បានសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ដែលត្រូវចូលរៀននៅថ្ងៃទី៧ ខែកញ្ញានេះ សូមចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នាងក៏បានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញកន្លងមកនេះ នាងពិតជាមានការលំបាកក្នុងការរៀនសូត្រ មានបញ្ហ ឬចំណល់អ្វីមួយមិនដឹងថា សាកសួរយ៉ាងណា ដែលនេះជាបញ្ហា។ នាងថា ការបើកឲ្យមានការសិក្សាផ្ទាល់ជាមួយនឹងលោកគ្រូ-អ្នកគ្រូផ្ទាល់ឡើងវិញបែបនេះ វាបានធ្វើឲ្យនាងរីករាយក្នុងចិត្តយ៉ាងខ្លាំង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *