បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនបុរស២នាក់ ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក១១ថង់ ជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នា សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សេងគ្នា ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលចាប់ឃាត់ខ្លួនករណីទី១ ឈ្មោះទួន សម្បត្តិ ហៅខ្វេ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៨ថង់ សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៨ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ករណីទី២ ឈ្មោះស៊ាន ដាឡែន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៣ថង់ និងសម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរទាំង២នេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ហើយ៕