ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រដ្ឋាភិបាលនិងអ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម…

(ភ្នំពេញ) «ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាលនិងអ្នកព័ត៌មា គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងក្នុងឱកាសអញ្ជើញជាអធិបតី «វេទិកាសារធារណៈអ្នកសារព័ត៌មានដើម្បីក្តាប់នូវសំណើនិងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន។«វេទិកាសារធារណៈអ្នកសារព័ត៌មាន» នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា និងមានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ឌី ម៉ូឡានី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន ស្ថាប័នសារព័ត៎មានផ្សេងៗប្រមាណជិត ៤០០នាក់ ក៏បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនេះ ។ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគួស បញ្ជាក់ថា សារព័ត៌មាន និង ក្រសួងស្ថាប័ន គឺជាមិត្តនិងជាដៃគូដ៏ល្អ។ ដូច្នេះ ការរៀបចំវេទិកានេះឡើងគឺជាជម្រើសដ៏ល្អនៅក្នុងការលើកយកបញ្ហាដាក់លើ តុ ហើយពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម។ បញ្ហាប្រឈមនានាដែលត្រូវបានលើកលែងដូចជាការសហការពីសំណាក់អ្នកនាំពាក្យតាមក្រសួងស្ថាប័ននៅមានកម្រិតនៅឡើយ, ការគោរពគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត និងកង្វះខាតនៃការយល់ដឹងច្បាប់ដែលពាក់ព័ន្ធ ដែលពេលខ្លះនាំឱ្យអ្នកសារព័ត៌មាន បំពានលើសិទ្ធិអ្នកដទៃ និងផ្សព្វផ្សាយព័ត៌មានដែលគ្មានតុល្យភាពព័ត៌មាន ឬមានភាពច្របូកច្របល់រវាងការផ្សាយព័ត៌មាន និងការបញ្ចេញមតិ ឬរំលោភបំពានលើសិទ្ធិឯកជនភាពរបស់បុគ្គលផ្សេងៗ និងរួមទាំងការជេរប្រមាថ និងញុះញង់ផងដែរ។ឯកឧត្តមរដេ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា គោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មាន គឺធ្វើយ៉ាងណាធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ហើយធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ដូច្នេះជម្រើសយកភាពជាដៃគូរវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងសារព័ត៌មាន ជាផ្នែកនៃកិច្ចសហប្រតិបត្តិការមួយប្រកបដោយសុខដុមនីយកម្មនៅក្នុងសង្គម រវាងអ្នកផ្តល់ព័ត៌មាន និងអ្នកដែលប្រមូលព័ត៌មានដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងកោតសរសើរដល់អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយតាមរយៈតួនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយនេះហើយបាននាំយកនូវរឿងរ៉ាវពិតប្រាកដនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនពីដំណើរការងាររបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននឹងកំពុងដំណើរការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានដែលមានវ័យចំណាស ២៩ ឆ្នាំនេះឡើងវិញ រួមនឹងបានបង្កើនសកម្មភាពបណ្តុះបណ្តាលផ្ទៃក្នុង និងការសហការជាមួយសមាគមអ្នកសារព័ត៌មានដើម្បីបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។ ហេតុដូច្នេះ ការគោរព និងអនុវត្តក្រមសីលធម៌ ជាកាតព្វកិច្ចដែលផ្សារភ្ជាប់ជាមួយនឹងសិទ្ធិ ក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ “ បានជម្រាបជូនថា វេទិកាសារធារណៈអ្នកសារព័ត៌មាន”ត្រូវបានរៀបចំឡើង ដើម្បី ស្វែងរកចំណុចរួមមួយនៃទំនាក់ទំនងព័ត៌មាន រវាងអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានលើកឡើងនូវសំណូមពរចំនួន ៦ ចំណុចដើម្បីបង្កើនគុណភាពវិស័យសារព័ត៌មាននៅកម្ពុជា។ វេទិកាសារធារណៈនេះដែរ នឹងផ្តល់ឱកាស ជូនអ្នកសារព័ត៌មានក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធ ក៏ដូចជាការលើកជាសំនួរទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន មន្ត្រីជំនាញដែលត្រូវផ្តល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ពិសេសធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *