នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។
ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួន តាមរយៈការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» ដែលបានរៀបចំឡើងក្រោមប្រធានបទសំខាន់ចំនួន ៣ គឺ៖ « ភាសាបេះដូងជូនដូនតា » «គំរូវីរភាពរបស់ថ្នាក់ដឹកនាំ» និង«ក្ដីស្រលាញ់សម្រាប់កម្ពុជា»។