កំពង់ស្ពឺ ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា «អធិការគ្រឿន» និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាមថា «អធិការគ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង២នាក់ ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។
តុលាការយល់ឃើញថា ជនត្រូវទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬអាចចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ទើបតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់តែម្តង។
សមត្ថកិច្ច អះអាងថា បច្ចុប្បន្ននេះ តុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើជនត្រូវចោទទាំង២នាក់ហើយ៕