ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣.
(ខេត្តកំពង់ស្ពឺ): ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាសនិយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមិនព្រមបញ្ឈប់រាល់សកម្មភាពចាក់ដីទន្ទ្រាន និងការសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកនៃទំនប់តាសាល។
ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវតែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានព្រមានថា ក្នុងករណីមិនស្តាប់តាមការណែនាំ រួចនៅគឃ្លើនបន្តរំលោភបំពាន និងសាងសង់បន្តទៀត រដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ នឹងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ដោយមិនលើកលែង។
គួររំលឹកផងដែរថា កន្លងទៅចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា) មានក្រុមជនខិលខូចជាច្រើនបានសង់រោង សង់តូប និង ដាក់គ្រឿងចក្រធ្វើការឈូសឆាយ រុករានទន្ទ្រានយកដីចំណីទំនប់នេះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះ មានទាំងប្រជាពលរដ្ឋ អ្នកមានលុយ មានអំណាច អស់លោក លោកជំទាវ និងអគ្គព្រះរាជអាជ្ញាជាដើម ដែលមានមហិច្ឆតា ចង់រំលោភបំពានយកចំណីទំនប់អាងទឹកតាសាលមួយនេះ។ជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិដែលដុះនៅជាប់ចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា ក៏ដូចជាអ្នកសារព័ត៌មានយើងស្នើសុំឲ្យលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងក្រោមឱវ៉ាទចុះពិនិត្យមើលកន្លែងដែរក្រុមជនខិលខូចបានលូចឈូសឆាយកន្លងមក ដើម្បីវែករកមុខយកមកដាក់ទោសតាមនីតិវិធីច្បាប់៕