ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនជាតិចិន ចំនួន ប្រាំនាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នេះហើយ ពាក់ព័ន្ធនឹងករណីបង្ខាំងជនជាតិចិន ដូចគ្នា ដើម្បីជំរិតទារប្រាក់ រហូតដល់ ១០ លានដុល្លារអាមេរិក។សំណុំរឿងនេះត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ទាំង ប្រាំនាក់នេះ បន្ទាប់ពីសមត្ថកិច្ច បង្ក្រាបបាននៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជាជនជាតិចិន បានចំនួន ប្រាំពីរនាក់ ហើយបន្ទាប់ពីសាកសួររួច ជនជាតិចិនចំនួនពីរនាក់ មិនមានការពាក់ព័ន្ធ ឡើយ ដូច្នេះសមត្ថកិច្ច ក៏បញ្ជូនជនជាតិចិន តែ ប្រាំនាក់ ប៉ុណ្ណោះ ដើម្បីទៅ អយ្យការ អមសាលាការដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
ក្រោយទទួលបានបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់ នាយកដ្ឋានចារកម្ម បានចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការ បង្ក្រាបករណីនេះ កាលពីវេលាម៉ោង ២ៈ០០ នាទី រំលងអធ្រាត្រ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ។ ករណីនេះ ក្រុមជនល្មើស បានចាប់ជំរិតទារ ប្រាក់ពីជនរងគ្រោះ រហូតដល់ ១០ លានដុល្លារ មិនមែន ១លានដុល្លារនោះទេ។
ប្រតិបត្តិការនេះផងដែរ សមត្ថកិច្ច បានរំដោះជនរងគ្រោះបានដោយជោគ ជ័យ និងដោយសុវត្ថិភាព ប៉ុន្តែស្ថានភាពសុខភាពរបស់ជនរងគ្រោះ មានសភាព ទន់ខ្សោយ ដោយសារជនរងគ្រោះ ត្រូវក្រុមជនឧក្រិដ្ឋ បានធ្វើទារុណកម្ម លើរូបរាងកាយ យ៉ាងធ្ងន់ធ្ងរ៕