ស្រុកព្រៃនប់៖ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ពេលទៅលេងលើទូកតែម្នាក់ឯង ខណៈម្តាយមានជំងឺសម្រាកព្យាបាលដាក់សេរ៉ូមនៅក្នុងផ្ទះ មិនបានចាប់អារម្មណ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចកំពុងទូកព្រែកតាលេវ ក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្មេងរងគ្រោះមានឈ្មោះ កា ដាវណ្ណ ភេទប្រុស អាយុ ២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះបានទៅលេងលើទូកដែលចតនៅកំពុងទូកតែម្នាក់ឯង ខណៈម្តាយមានជំងឺសម្រាកព្យាបាលដាក់សេរ៉ូមនៅក្នុងផ្ទះមិនបានចាប់អារម្មណ៍ លុះដល់ម៉ោងប្រមាណ៣រសៀលថ្ងៃដដែល ទើបដឹងថាបាត់កូនក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយសមត្ថកិច្ចធ្វើការពិនិត្យឃើញថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕