ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី ២១ របស់អគារការដ្ឋានសំណង់មួយ យីហោ ជិនយ៉ាងស៊ីង ខណៈមានជនជាតិចិនជាង៣០នាក់ទៀត បាននាំគ្នាបិទផ្លូវ ធ្វើការតវ៉ាទាមទារ ឲ្យថៅកែបើកប្រាក់ខែចំនួន៣ខែ ឲ្យពួកគាត់ប្រមាណជាង៨០ម៉ឺនដុល្លារ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំណុចអគារ យីហោ ជិនយ៉ាងស៊ីង ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ទទួលផែនសំណង់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុមប្រហែលជាង៣០នាក់ក្នុងនោះមានកម្មករជនជាតិខ្មែរដែរ បាននាំគ្នាប្រមូលផ្ដុំ លើកស្លាកបដាបិទផ្លូវលេខ៥០៨តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែឲ្យចំនួន ៣ខែមកហើយ។ លុះក្នុងពេលធ្វើការរតវ៉ាមិនទាន់មានដំណោះស្រាយ ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ ឡើងទៅលើដំបូលអគារជាន់ទី ២១ ប៉ុនប៉ងលោតសម្លាប់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលហើយអាជ្ញាធរបានសម្របសម្រួលឲ្យចុះមកនិយាយនៅជាន់ផ្ទាល់ដីវិញ ។
កម្មករសរុប មានជាង៦០នាក់ មានខ្មែរ១០នាក់ ហើយអ្នកដែលនាំគ្នាមកបិទផ្លូវតវ៉ា គឺមានជាង៣០នាក់ ជាតំណាងដើម្បីឲ្យ ថៅកែក្រុមហ៊ុន បើកប្រាក់ខែឲ្យពួកគាត់ ដែលមានលុយចំនួនជាង៨០ម៉ឺនដុល្លារ តែពេលនោះមានអ្នកចេញមុខមកសម្របសម្រួល ដោយឲ្យលុយចំនួន២ម៉ឺនដុល្លារតែពួកកម្មករ ជនជាតិចិនមិនព្រមទទួលយកនោះទេ តម្លៃខុសគ្នាដូចមេឃនិងដី ។ ក្នុងករណីនេះដែរ ក៏មានកម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌសហការសមត្ថកិច្ច អធិការដ្ឋានខណ្ឌចំការមន បានចុះទៅសម្របសម្រួល ដោយឲ្យពួកគាត់ អែបខាងកុំឲ្យមានការបិទផ្លូវបែបនេះ ប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយភាគីក្រុមកូដកម្មជនជាតិចិនក៏យល់ព្រមអែបខាង តាមអាជ្ញាធរណែនាំផងដែរ ។
លោក អាំង សិរីពិសិដ្ឋ បានប្រាប់ថា ការផ្ទុះការតវ៉ាអាជ្ញាធរធ្វើការព្យាយាមសម្របសម្រួលយូរដែរ ហើយតែចំនួនទឹកប្រាក់ ដែលមានអ្នកបកប្រែប្រាប់ថា ចំនួនជាង៨០ម៉ឺនដុល្លារ វាជាទឹកប្រាក់ចំនួនធំណាស់ ហើយរកមេការមិនឃើញ មិនដឹងទៅណា ក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េច តែក្នុងនោះមានតំណាងម្នាក់ចេញមកឲ្យតែលុយ២ម៉ឺនដុល្លារ តែពួកគាត់នៅតែមិនព្រមយក រហូតមកដល់រសៀល មានផ្ទុះការតវ៉ាតែម្ដង។ យ៉ាងណាក៏ដោយបានសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមនថា កុំបិទផ្លូវសាធារណៈជាទង្វើខុសច្បាប់ និងប៉ះពាល់ដល់អ្នកដំណើរ លុះមកដល់ម៉ោង ៥និង៣០នាទីល្ងាចថ្ងៃដដែល ក្រុមកម្មករបាននាំគ្នា រំសាយរកកន្លែងសម្រាករៀងៗខ្លួន ដោយមិនទាន់មានដំណោះស្រាយ ពីភាគីណាមកតំណាងច្បាស់លាស់នោះទេ ។
ក្រោយជំនួបដោះស្រាយ លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា លទ្ធផលគូភាគីបានឯកភាពថា នៅថ្ងៃស្អែក មានការផ្តល់ប្រាក់បណ្តោះអាសន្នទៅខាងភាគីកម្មករចំនួន២ម៉ឺនដុល្លារ ។ ហើយភាគីតំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រមូលលុយមកទូទាត់ជូនភាគីកម្មករ មិនលើសពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ភាគីកម្មករ និងតំណាងក្រុមហ៊ុន បានឯកភាពគ្នា ឈប់ធ្វើបាតុកម្ម ចាប់ពីថ្ងៃស្អែកទៅ ៕