ចេញផ្សាយ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
កោះកុង ៖ នៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ ជាគ្រោះថ្នាក់ដ៏កម្រមួយ សម្រាប់មូលដ្ឋានស្រុកថ្មបាំង ដែលករណីបាក់ដីសង្កត់លើមនុស្សស្លាប់ នៅក្នុងក្រុមហ៊ុនវ៉ារីអគ្គិសនីបែបនេះ ដោយបានកើតឡើង គ្រាទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រ ពីទីរួមស្រុក ទំរាំសង្រ្គោះបាន។
យ៉ាងហោចមានមនុស្ស ២នាក់បានស្លាប់ និង ២នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងករណីបាក់ដីនៅក្នុងរូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នំា២០២២នេះ អាកាសធាតុមានភ្លៀងធ្លាក់ជោគជាំ ស្ទើរគ្រប់មូលដ្ឋាន ៣ ទៅ ៤ថ្ងៃនេះ បរិមាណទឹកហូរពីលើខ្នងភ្នំច្រោះខ្លាំងនៅតំបន់រូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ទើបបង្កឲ្យស្លាប់មនុស្សប្រុស ២នាក់ និងរងរបួសធ្ងន់-ស្រាល ២នាក់ដែរ។
ទន្ទឹមនេះ លោកក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ចូនកម្លាំងកម្មករជំនាញ និងអ្នកពាក់ព័ន្ធមកទីកន្លែងសុវត្ថិភាព រង់ចាំអាកាសធាតុអំណោយផលល្អវិញ ទើបចុះធ្វើការងារបន្ត។ អាជ្ញាធរសមត្ថកិច្ចបង្ហាញក្តីសោកស្តាយ ចំពោះពលរដ្ឋជាកម្មករដែលបានស្លាប់ ព្រោះតែគ្រោះធម្មជាតិអំឡុងរដូវវស្សា។
ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់ ២នាក់ ទី១. ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត។ ទី២. ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ សាកសពបានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំសាច់ញាត្តិ មកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយក្រុមហ៊ុនអគ្គិសនីតាតៃលើ ក៏ត្រៀមដោះស្រាយសំណងទូទាត់ចំពោះសពជនរងគ្រោះ។
ដោយឡែកអ្នករងគ្រោះរបួសវិញ ទី១. ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២. ឈ្មោះ បៀន អាយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕