(ភ្នំពេញ)ទីតាំងល្បែងស៉ីសងដ៏ធំមួយត្រូវបានបើកដំណើរការដោយរលូនមានមនុស្សចេញចូលហូរហែទាំងយប់ទាំងថ្ងៃ ហាក់មិនខ្លាចអំណាចរបស់លោក ម៉ន វុធី ដែលជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យអីបន្តិចសោះ ។
ទីតាំងខាងលើនេះគឺស្ថិតក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងខាងលើនេះជាទីតាំងលេងល្បែងសុីសងដ៏ធំមួយហើយមានថៅកែជាជនជាតិចិនបើកលេងយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតនឹងអាជ្ញាធរអីបន្តិចសោះហើយបើកទទួលភ្ញៀវទាំងពេលថ្ងៃទាំងពេលយប់ ។
ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះទំនងជាមានខ្សែធំព្រោះគេឃើញមានបុរសម្នាក់ធ្វើការនៅក្នុងទីតាំងនោះមានកាំភ្លើងខ្លីសៀតចង្កេះថែមទៀតផង ហើយមានមេការម្នាក់ជាអ្នកកាសែតធ្វើការនៅមជ្ឈមណ្ឌលព័ត៌មានមួយដែលមានភារកិច្ចជាអ្នកចរចារជាមួយក្រុមអ្នកកាសែតដែរទៅដល់ទីតាំងនោះផងដែរ ។
អ្នកប្រកបរបររត់កង់បីដែលរកសុីនៅជិតកន្លែងនោះ គាត់ក៏បានរៀបរាប់ស្រដៀងៗគ្នា រាល់ពេលពួកគាត់តែងតែឃើញជនជាតិចិនជាក្រុមៗបានដើរចូលក្នុងទីតាំងខាងលើនោះជាហូរហែរ ហើយសន្តិសុខដែរយាមនៅពីមុខទីតាំងល្បែងសុីសងនោះក៏ធ្លាប់បង្ហើបប្រាប់ពួកគាត់ថា ទីតាំងនោះគឺមានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ហើយមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ នឹងមានវិធានការនៅទីតាំងបើកល្បែងភ្នាល់គ្រប់ប្រភេទនេះផងទាន ដើម្បីកុំអោយប្រជាពលរដ្ឋដែលនៅជិតទីតាំងបើកល្បែងនេះមានការភ័យខ្លាចដូចរាល់ថ្ងៃនឹងទៀត។